តាកែវ ៖ គិតត្រឹមម៉ោង១០យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ អគ្គិភ័យដែលឆាបឆេះផ្សារសំរោងយ៉ោង ស្ថិតលើផ្លូវជាតិលេខ២ ក្នុងស្រុកបាទី ខេត្តតាកែវ ត្រូវបានកម្លាំងពន្លត់អគ្គិភ័យគ្រប់គ្រងបានទាំងស្រុងហើយ ដោយមិនបណ្តោយឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជិតផ្សារឡើយ។

ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីទំហំនៃការខូចខាត និងមូលហេតុនៃការឆេះផ្សារសំរោងយ៉ោងនៅឡើយនោះទេ។ ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យនេះដែរ គេឃើញវត្តមានលោក អ៊ួច ភា អភិបាលខេត្តតាកែវ លោក សុខ សំណាង ស្នងការខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ២២គ្រឿង មកពីស្នងការដ្ឋាននគរបាលខេត្តតាកែវ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អគ្គស្នងការដ្ឋាននគរបាលជាតិ កងពលតូចលេខ៧០ កសិដ្ឋានសូម៉ា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងក្រុមហ៊ុនស្រាបៀរកម្ពុជា ទើបអាចគ្រប់គ្រងគ្រោះអគ្គិភ័យដ៏សាហាវនេះបាន។

បេីតាមលោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាក់ជាជំហ៊ានដំបូងថា តូបអាវីវករចំនួន២៣០តូប ក្នុងចំណោមតូបទាំងអស់២៨៣តូប ត្រូវបានអគ្គិភ័យលេបត្របាក់។

សូមបញ្ជាក់ថា  គ្រោះអគ្គិភ័យឆេះផ្សារសំរោងយ៉ោងនេះ បានកើតឡើយនៅម៉ោងប្រមាណជាង៧យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ