ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ទោះបីកូវីដ-១៩ ក៏ដោយ ក្រុមឧក្រិដ្ឋជន ឆកយកឱកាសពេលនឹង ដើម្បីលួចផលិត និងនាំចូលសារធាតុញៀន ដូច្នេះ កម្លាំងសមត្ថកិច្ចទាំងអស់បន្ដបង្ក្រាបន្ថែមទៀត។

ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត ចំនួន២៣ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរកន្លងមកនេះ ទោះបីប្រឈមបញ្ហាជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ការបង្រ្កាបបទល្មើសទទួលបានលទ្ធផលល្អយ៉ាងប្រសើរ រហូតដល់ ៨០ភាគរយ ទៅ៩០ភាគរយនៃបទល្មើសសរុបដែលបានកើតឡើង។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «បទល្មើសគ្រឿងញៀនក៏មានថយចុះបន្ដិចមែន ក៏ប៉ុន្ដែគឺចាត់ទុកថា ជាជោគជ័យ មួយយ៉ាងធំផងដែរ ក្នុងពេលកូវីដ-១៩នេះ។ ព្រោះថា ពួកនេះ ទោះបីកូវីដ-១៩ ក៏ដោយ ក៏ឆកយកឱកាសពេលហ្នឹង ដើម្បីលួចផលិត ហើយនាំចូលនូវសារធាតុញៀន ដូចជា អាភៀនពីបណ្ដាប្រទេសនៅជុំវិញយើង ពិសេសពីតំបន់ត្រី កោនមាស»។

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ចាប់តាំងពីបើកយុទ្ធនាការបង្រ្កាបគ្រឿងញៀនមក រហូតដល់ពេលនេះ ការបង្ក្រាបបានបទល្មើសគ្រឿងញៀនច្រើនរបស់កម្លាំងសមត្ថកិច្ចបញ្ជាក់ឱ្យឃើញពីទឹកចិត្តដ៏មោះមុត ពោលគឺឆន្ទៈមោះមុត ចំពោះការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លារបស់កម្លាំងសមត្ថកិច្ចក្នុងពេលប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។ សម្ដេចក៏បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញបេសកម្មរបស់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យកិច្ចការងារនេះទទួលបានលទ្ធផលល្អ។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏ផ្ដាំផ្ញើថា មេឃុំ ស្មៀនឃុំ មេប៉ុសិ៍ដ និងមេភូមិ ត្រូវរៀនវគ្គបណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធិភាព ជៀសវាងជួបបញ្ហាអ្វីមួយ។

សម្ដេចក្រឡាហោម បញ្ជាក់ថា «ចឹងអ្នកទាំងអស់ហ្នឹង ត្រូវបណ្ដុះបណ្ដាល ហើយនិយាយជារួម ប៉ូលីស ទាំងអស់ មកដល់ពេលនេះ គឺគ្មានប៉ូលីសណាមួយ ដែលបានចូលក្របខណ្ឌជាប៉ូលីសហើយ អត់បានរៀនសូត្រឱ្យទៅធ្វើការទេ គឺអត់មានទេ គឺត្រូវឆ្លងកាត់វគ្គរៀនសូត្រជាមុនសិន យ៉ាងហោចណាស់ រៀនរយៈពេល៣ខែ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ