ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋបេីកបរគោរពច្បាប់ចរាចរណ៍ ខណ:ខែកក្កដា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២០៨លើក បណ្តាឲ្យមនុស្សស្លាប់១០៧នាក់ និងរងរបួសធ្ងន់ស្រាល ២៨២នាក់ផងដែរ។ 

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា ខែកក្កដា ឆ្នាំ២០២១ អត្រាគ្រោះថ្នាក់ចរាចរណ៍ស្លាប់ និងរងរបួសមានការថយចុះបើប្រៀបធៀបនឹងខែកក្កដា ដូចគ្នាឆ្នាំ២០២០ ប៉ុន្តែវាជាការគួរឲ្យព្រួយបារម្ភ ចំពោះអត្រាគ្រោះថ្នាក់ស្លាប់ និងរងរបួសមានការកើនឡើងបើប្រៀបធៀបនឹងខែមិថុនា  ឆ្នាំ២០២១កន្លងទៅ។

សម្ដេច មានប្រសាសន៍ថា «របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ក្នុងខែកក្កដាឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង២០៨លើក ក្នុងនោះគ្រោះថ្នាក់កើតមានឡើងនៅពេលយប់មាន៥៨ភាគរយ ដែលបណ្តាឲ្យមនុស្សស្លាប់ចំនួន១០៧នាក់ និងរងរបួសធ្ងន់ស្រាលមានចំនួន២៨២នាក់ ។ ទិន្នន័យនេះបើប្រៀបធៀបនឹងខែកក្កដាឆ្នាំ២០២០ គឺចំនួនអ្នកស្លាប់មានការថយចុះ៤០នាក់ស្មើនឹង២៧ភាគរយ រីឯអ្នករងរបួសគឺថយចុះ៧០នាក់ស្មើនឹង២០ភាគរយ»។ 

សម្ដេច បន្ដថា ប៉ុន្តែបើធ្វើការព្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែមិថុនា ឆ្នាំ២០២១នេះ វិញ គឺចំនួនអ្នកស្លាប់បានកើនឡើង១៤នាក់ស្មើនឹង១៥ភាគរយ និងចំនួនអ្នករងរបួស៣៩នាក់ស្មើនឹង១៦ភាគរយ ។

សម្ដេច រៀបរាប់ថា មូលហេតុដែលបង្ករឲ្យមានគ្រោះថ្នាក់ទាំងនេះគឺបណ្តាលមកពីការបើកបរដោយល្បឿនលឿនមាន៣៧ភាគរយ ការមិនគោរពសិទ្ធិមាន២២ភាគរយ ការមិនប្រកាន់ស្តាំ១៧ភាគរយ ការវ៉ាជែងមាន១០ភាគរយ បើកបរដោយស្ថានភាពស្រវឹងមាន៥ភាគរយ និងកត្តាយានយន្តមាន១ភាគរយ ។ 

ចំណែកឯភូមិសាស្រ្តដែលមានគ្រោះថ្នាក់ច្រើនគឺនៅរាជធានីភ្នំពេញមានចំនួន៦៦លើក នៅខេត្តកណ្តាល១៦លើក និងនៅខេត្តស្វាយរៀង១៥លើក។

សម្ដេច បញ្ជាក់ទៀតថា «ខ្ញុំសូមអំពាវនាវដល់បង ប្អូនជនរួមជាតិ ជាពិសេសអ្នកបញ្ជាយានយន្តទាំងអស់ សូមមេត្តាប្រកាន់ខ្ជាប់នូវស្មារតីបើកបរដោយការគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា ដើម្បីចៀសផុតគ្រោះថ្នាក់ដល់ខ្លួនយើង គ្រួសារយើង អ្នករួមដំណើរជាមួយយើង និងសង្គមជាតិយើង»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ