សមាគមភស្ដភារកម្មកម្ពុជា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២១ និងទិសដៅការងារឆមាសទី២
ភ្នំពេញ ៖ សមាគមភស្ដុភារកម្មកម្ពុជា (CLA) នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ ដោយមានការចូលពី លោក ស៊ិន ចន្ធី ប្រធាន CLA ,លោក អ៊ីវ វាសនា អគ្គលេខាធិការ CLA និងអ្នកពាក់ព័ន្ធមួយចំនួនទៀត សរុបប្រមាណជាង១០០នាក់។
នាឱកាសនោះ លោក ស៊ិន ចន្ធី ប្រធាន CLA បានលើកឡើងថា សមាជិក-សមាជិកា CLA កុំមានការព្រួយបារម្ភឲ្យសោះ CLA នៅជាមួយសមាជិក-សមាជិកា ជាប់ជានិច្ច ដែលធ្វើឲ្យ CLA មានភាពខ្លាំងមកដល់ពេលបច្ចុប្បន្ននេះ។ លោក បន្ដថា នាពេលបច្ចុប្បន្ន សមាជិក-សមាជិកា CLA មានជាង១២០រូប ដូច្នេះ CLA នឹងបន្ដរកសមាជិក-សមាជិកា បន្ថែមទៀត ដើម្បីឲ្យ CLA កាន់តែមានភាពរឹងមាំបន្ថែមទៀត សម្រាប់វិស័យដឹកជញ្ជូន។
លោក ក៏បានស្នើឲ្យសមាជិក-សមាជិកា CLA ផ្ដល់មតិយោលបល់បន្ថែមទៀត នៅក្នុងប្រជុំនាពេលនេះ ព្រោះថា CLA សម្រាប់យើងទាំងអស់គ្នា មិនមែនជារបស់អ្នកណាមួយឡើយ។
ឆ្លៀតឱកាសនោះដែរ លោក អ៊ីវ វាសនា អគ្គលេខាធិការ CLA បានថ្លែងថា នាពេលបច្ចុប្បន្នវិស័យដឹកជញ្ជូន បានទទួលរងប៉ះពាល់ដោយផ្ទាល់ពីវិបត្តិជំងឺកូវីដ-១៩ គួរតែទទួលបានការជួយមួយចំនួនពី រាជរដ្ឋាភិបាល ជាពិសេស ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហេតុដូចនេះហើយ បានជា CLA ព្យាយាមស្នើសុំទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឲ្យមានលើកលែងនូវបញ្ហាមួយចំនួន។
សូមជម្រាបជូនថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ ឆ្នាំ២០២១ របស់សមាគមភស្ដុភារកម្មកម្ពុជា (CLA) បានប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ តាមផែនការរំពឹងទុក ហើយសមាជិក-សមាជិកា របស់ CLA ក៏បានលើកបញ្ហាប្រឈម ព្រមទាំងដោះស្រាយ ជូនសមាជិក-សមាជិកា របស់ខ្លួនផងដែរ៕