លោកទូត ៖ ទោះបីស៊ុយអែត បិទស្ថានទូតរបស់ខ្លួនចុងឆ្នាំ២០២១ ក៏ស៊ុយអែត បន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក ប្យ៊ន ហេម៉ាក ឯកអគ្គរាជទូតស៊ុយអែតបញ្ចប់អាណត្តិការទូតនៅកម្ពុជា បានលើកឡើងថា ទោះបីស៊ុយអ៊ែត បិទស្ថានទូតរបស់ខ្លួននៅកម្ពុជា នៅខែធ្នូ ឆ្នាំ២០២១ ក៏ដោយ ក៏ស៊ុយអ៊ែត បន្ដកិច្ចសហប្រតិបត្តិជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចំណង់មិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។
លោក ប្យ៊ន ហេម៉ាក បានជម្រាបជូន សម្ដេច អំពីការងារពាក់ព័ន្ធនឹងការបញ្ចប់តួនាការទូតរបស់ លោកនៅកម្ពុជា ទន្ទឹមគ្នានឹងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងប្រព័ន្ធហិរញ្ញវត្ថុ ដែលតម្រូវឱ្យស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា បិទជាផ្លូវការនៅខែធ្នូខាងមុខនេះ។
លោក បញ្ជាក់ថា «ទោះបីជាមានការបិទស្ថានទូត ប៉ុន្តែប្រទេសស៊ុយអែតនៅតែបន្តមាន កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការងារឧត្តមសិក្សា ស្រាវជ្រាវ និងវប្បធម៌ ហើយថាការងារបន្តនឹងទទួលអនុវត្តដោយស្ថានទូតស៊ុយអែត នៅទីក្រុងបាងកក ប្រទេសថៃ»។
ជាងនេះទៅទៀត លោកទូត ក៏បានសម្ដែងការកោតសរសើរវិធានការរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការខិតខំអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងការបង្ការទប់ស្កាត់ការឆ្លងជំងឺនេះនៅក្នុងពន្ធនាគារ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការមួយចំនួនដែលភាគីកម្ពុជា និងស៊ុយអែត ត្រូវបន្តជាមួយគ្នាទៀត គឺការងារកំណែទម្រង់ថ្នាក់ក្រោមជាតិ និងការអនុវត្តច្បាប់ផ្នែកនគរបាល ដូចជាការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនជាដើម។
សម្ដេច បន្ដថា កន្លងមកស៊ុយអែត បានចូលរួមក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ហើយថា ស៊ុតអែត ជាប្រទេសមានបទពិសោធន៍ច្រើនលើការងារកំណែទម្រង់នេះ ពិសេសសម្ដេចផ្ទាល់ក៏បានអញ្ជើញទស្សនកិច្ចផ្ទាល់នៅប្រទេស៊ុយអែត ដើម្បីស្វែងយល់លើការងារកំណែទម្រង់នេះផងដែរ។
សម្ដេច បន្ថែមថា សម្រាប់កម្ពុជា ទោះគោលដៅកំណែទម្រង់មិនទាន់សម្រេចបានទាំងស្រុង ប៉ុន្តែបានបោះជំហ៊ានទៅ មុខជាប្រចាំ និងទទួលបានលទ្ធផលតាមការរំពឹងទុក ជាក់ស្ដែងកម្ពុជាកំពុងរៀបចំដាក់ចេញផែនការ១០ឆ្នាំ ដំណាក់កាលទី២ជុំវិញការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ៕