ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា បើកដំណើរការសកម្ម ភាពអាជីវកម្ម/ផលិតកម្មឡើង វិញ គឺមិនត្រូវមានភ្ជាប់លក្ខខណ្ឌទៅនឹង ការចាក់វ៉ាក់សាំងនោះឡើយ។
តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោក អ៊ិត សំហេង បានបញ្ជាក់ថា «នៅក្នុងការបើកដំណើរការសកម្មភាពអាជីវកម្ម/ផលិតកម្មឡើងវិញនេះ គឺមិនត្រូវមានភ្ជាប់លក្ខខណ្ឌទៅនឹង ការចាក់វ៉ាក់សាំងនោះឡើយ។មន្ត្រីអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចុះធ្វើអធិការកិច្ចលើករណីនេះភ្លាម ប្រសិនជាទទួលបានព័ត៌មាន។ សូមបងប្អូនកម្មករនិយោជិតជូនដំណឹងមកក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាបន្ទាន់តាមរយៈតេឡេក្រាម https://t.me/KhmerWorkerChat ប្រសិនជាមានការភ្ជាប់លក្ខខណ្ឌចាក់វ៉ាក់សាំងនេះ»។
លោក បន្ដថាការបើកប្រាក់ឈ្នួលសម្រាប់ខែមេសា ចំនួន ៥០% និងប្រាក់ឧបត្ថម្ភនានា ដែលបានពន្យារពេលនៅក្នុង អំឡុងពេលនៃការបិទខ្ទប់កន្លងទៅ គឺត្រូវចាប់ផ្តើមបើកជូនបងប្អូនកម្មករនិយោជិតមិនឱ្យហួសពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឡើយ។ លោកថា ចំពោះកម្មករនិយោជិត ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម ឬលឿងទុំ គឺសូមម្ចាស់ ឬនាយក រោងចក្រ សហគ្រាស ពិចារណារកវិធីបើកប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភនេះតាមប្រព័ន្ធធនាគារជូនបងប្អូនកម្មករនិយោជិត ផងដែរ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ដ្រីការងារ ក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់មេត្តាយោគយល់ លើកលែង ថ្លៃជួលបន្ទប់ ឬបន្ធូរបន្ថយថ្លៃជួលបន្ទប់ ឬពន្យារការបង់ថ្លៃជួលបន្ទប់ជូនអ្នកជួលដែលជាកម្មករនិយោជិត ឱ្យអស់លទ្ធភាព នៅក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពនៅក្នុងដំណាក់កាលនេះ។
ជាងនេះទៅទៀត ក្រសួងជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិត និងម្ចាស់ផ្ទះជួលនឹងអនុវត្ត តាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕EB