៤ខែ ឆ្នាំ២០២៣នេះ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំជាង ១៥ពាន់លានដុល្លារ
ភ្នំពេញ ៖ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា គិតត្រឹមរយៈពេល ៤ខែ ឆ្នាំ២០២៣នេះ មានទំហំទឹកប្រាក់សរុបប្រមាណជាង១៥ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជាបាននាំចេញ មានចំនួនជាង ៧ពាន់លានដុល្លារ ខណៈការនាំចូលមានទឹកប្រាក់ជាង ៨ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិការធ្វើពាណិជ្ជកម្មទំនិញសំខាន់ៗ ជាមួយប្រទេសសំខាន់ៗ ការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-ចិន មានទំហំទឹកប្រាក់ជាង ៣ ៨៩៤ លានដុល្លារ ថមថយចុះប្រមាណជិត ១ ភាគរយ ទោះបីមានការថមថយចុះបន្តិចបន្ទួចក៏ដោយ តែការនាំចេញរបស់កម្ពុជាទៅ កាន់ទីផ្សារចិន បានបន្តកើនឡើងប្រមាណជិត ៤ភាគរយ ។
ចំណែកការធ្វើពាណិជ្ជកម្មកម្ពុជា និងសហរដ្ឋអាមេរិកវិញ មានទំហំទឹក ប្រាក់ជាង ២ ៥២៤លានដុល្លារ ថមថយជាង ១៦ភាគរយ ខណៈការធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម មានទំហំទឹកជាង ២ ៤៣០ លានដុល្លារ កើនឡើងជាង ៥ ភាគរយ។
ចំណែកការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-ថៃ វិញ នៅក្នុងរយៈពេល ៤ ខែ នេះដែរ មានទំហំទឹកប្រាក់ជាង ១ ៣៥២ លាន ដុល្លារ បានថមថយចុះជាង ៩ ភាគរយ ក្នុងនោះការនាំចេញរបស់កម្ពុជា បានកើនជាង ៣ ភាគរយ ។
ចំពោះពាណិជ្ជកម្មទ្វេរភាគី កម្ពុជា និងសិង្ហបុរី មានទឹកប្រាក់ជាង ៤៨០ លានដុល្លារ ក្នុងនោះកម្ពុជាក៏បាននំាចេញកើនឡើងជាង ៣៤៥ ភាគរយ, ខណៈការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌូនេស៊ី មានទំហំទឹកប្រាក់ជាង ៣៩២ លានដុល្លារ ដោយក្នុងនោះការនាំចេញរបស់កម្ពុជា ក៏មានការកើនឡើង ជាង ៦០ ភាគរយផងដែរ។
សូមបញ្ជាក់ថា ក្រៅពីទីផ្សារសំខាន់ៗខាងលើ កម្ពុជាក៏មានការធ្វើពាណិជ្ជកម្មជាអន្តរជាតិ ទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀតដូចជា ប្រទេសជប៉ុន, អាល្លឺម៉ង់, តៃវ៉ាន់, កាណាដា, កូរ៉េខាងត្បូង, ចក្រភពអង់គ្លេស, អេស្បាញ, ម៉ាឡេស៊ី, ប៊ែលហ្សិក, បារាំង, អូស្រ្តាលី, ឥណ្ឌា, ហូឡង់, ហុងកុង និងទៅកាន់ប្រទេសជាច្រើនផ្សេងទៀត ជាពិសេសជាមួយអេមីរ៉ាតអារ៉ាប់រួម ខណៈដែលកម្ពុជា-អេមីរ៉ាតអារ៉ាប់ រួម នឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង នាពេលឆាប់ៗខាងមុខនេះ ស្របពេលដែលក្រុមការងារចរចារបស់កម្ពុជា បានកំពុង ខិតខំយ៉ាងសកម្ម ក្នុងការរៀបចំ គាំទ្រដល់ដំណើរការនៃការចរចាកិច្ចព្រមព្រៀងនេះ៕EB