ភ្នំពេញ ៖ លោក ម៉ោ ធនិន អភិបាលខេត្តកំពតថ្មី បានប្ដេជ្ញាចិត្តបង្ក្រាបសកម្មភាពល្មើសច្បាប់ ក្រុមជនទំនើង និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំង ដោះស្រាយទំនាស់ដីធ្លី ដែលនៅសេសសល់ ក្នុងមូលដ្ឋានខេត្ត។

ក្នុងពិធីប្រកាសមុខតំណែង អភិបាលខេត្តកំពតថ្មី ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោក ម៉ោ ធនិន បានថ្លែងថា «សូមប្តេជ្ញាពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្មើសច្បាប់ ក្រុមជនទំនើង និងយកចិត្តទុកដាក់ អនុវត្តយុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លី ដែលនៅសេសសល់ក្នុងមូលដ្ឋានខេត្ត ឲ្យទទួលបានលទ្ធផលល្អ»។


លោក បានបន្ដពង្រឹងសាមគ្គីភាពផ្ទៃក្នុង គណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រី-បុគ្គលិកក្រោមឱវាទរដ្ឋបាលខេត្ត និងប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងបណ្តាក្រសួង-ស្ថាប័ន អង្គភាពរដ្ឋ ទីក្រុងសម្ព័ន្ធមេត្រីភាព អង្គការសង្គមស៊ីវិល ក៏ដូចជា វិស័យឯកជន ដើម្បីពន្លឿនការអភិវឌ្ឍមូលដ្ឋានខេត្ត ឲ្យកាន់តែរីកចម្រើន ថែមទៀត។

ជាងនេះទៅទៀត លោកអភិបាលខេត្តកំពតថ្មី ក៏បានប្តេជ្ញាអនុវត្តឲ្យបានម៉ឹងម៉ាត់នូវយុទ្ធសាស្រ្តគន្លឹះ និងវិធានការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) តាមរយៈការចាត់វិធានការរដ្ឋបាល និងវិធានការសុខាភិបាលចាំបាច់ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ