ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទបញ្ចប់ទទួលពាក្យតវ៉ា របស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ តទៅ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី៤ មករា នេះ ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រោមការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាល និងការរៀបចំរបស់ក្រសួងអប់រំ ពិសេសមានកិច្ចសហការល្អរវាងក្រសួង ស្ថាប័ន អាជ្ញាធរ និងភាគីពាក់ព័ន្ធ ព្រមទាំងការខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់របស់បេក្ខជន ការអនុវត្តភារកិច្ច ប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈមេប្រយោគ និងគណៈកម្មការ នានាគ្រប់ថ្នាក់។

ឆ្លើយតបចំពោះសំណូមពរនឹងការតវ៉ារបស់បេក្ខជនដែលបានដាក់ពាក្យតវ៉ាចំពោះលទ្ធផលនៃការប្រឡង ក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើកិច្ចការរបស់បេក្ខជនពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ធ្វើយ៉ាងណាឱ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនមានការជឿទុកចិត្ត។ ក្រោយពីបានបញ្ចប់ការពិនិត្យ បានរកឃើញថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មិនមានការប្រែប្រួលទេ។

ឈរលើមូលដ្ឋាននេះ ក្រសួង បញ្ជាក់ថា «សូមប្រកាសបញ្ចប់ការ ទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្ដីប្រកាស ព័ត៌មាននេះតទៅ»។

ចំពោះសិស្សប្រឡងធ្លាក់ ក្រសួង ក៏បានផ្តល់ឱកាសឱ្យប្រឡងឆ្នាំក្រោយទៀត និងលើកទឹកចិត្តឱ្យខិតខំរៀន សូត្របន្ត ដោយមានការជួយគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ មាតា បិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីទទួលបានជោគជ័យនៅឆ្នាំខាងមុខ។ សូមអ្នកសិក្សាគ្រប់រូបចងចាំថា «ការព្យាយាមគង់បានសម្រេចដូចបំណង»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ