សម្ដេចក្រឡាហោម ស ខេង បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងមន្ដ្រី ឃុំ-សង្កាត់ ក្រោយមានករណីឃុបឃិត និងបន្លំយកប័ណ្ណសមធម៌ ឬកាតវីង ដើម្បីដកយកថវិការបស់អ្នកដ៏ទៃ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងមន្ដ្រី ឃុំ-សង្កាត់ ក្រោយមានករណី ឃុបឃិត និងបន្លំយកប័ណ្ណសមធម៌ ឬកាតវីង ដើម្បីដកយកថវិការបស់អ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយក្រោម ២ឆ្នាំ។
យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា ក្នុងគោលបំណងផ្ដល់នូវកិច្ចគាំពារដើម្បីរក្សាលំនឹងជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាលើកកម្ពស់សុខុមាលភាពមាតា និងទារក ក្នុងការរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីនៅក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរ ការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានប័ណ្ណសមធម៌ (ក្រកម្រិត១ ឬក្រ កម្រិត២) និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលបាននិងកំពុងអនុវត្ត តាមយន្តការនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងនោះ រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាអ្នកតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្ត ដោយមានរដ្ឋបាលឃុំ សង្កាត់ជាអ្នកអនុវត្តផ្ទាល់។
សម្ដេចក្រឡាហោម បន្ដថា រយៈពេលជាងពីរឆ្នាំកន្លងទៅ កម្មវិធីជាតិជំនួយសង្គមដែលមានលក្ខណៈជាការឧបត្ថម្ភសាច់ប្រាក់នេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបាន លទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ជាមួយគ្នានេះដែរ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ចំនួនពីរទៀតគឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធ អតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះ ទឹកជំនន់។
សម្ដេចក្រឡាហោម បញ្ជាក់ថា « ទន្ទឹមនឹងលទ្ធផលជាវិជ្ជមាន ថ្មីៗនេះក៏កើតមានភាពមិនប្រក្រតីមួយចំនួន ដូចជា៖ ការយកកម្រៃសេវាពី ប្រជាពលរដ្ឋដែលបានមកផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ ការឃុបឃិត និងបន្លំយកប័ណ្ណសមធម៌ និងកាត់វឹង ដើម្បីដកយកថវិការបស់អ្នកទទួលផលពីកម្មវិធី ជាដើម។ ដូច្នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសុចរិតភាពក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គមជាពិសេសកម្មវីធីឧបត្ថម្ភសាច់ប្រាក់ រដ្ឋបាល រាជធានី ខេត្ត ត្រូវអនុវត្តកិច្ចការមួយចំនួនដូចខាងក្រោម៖ ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ឱ្យគោរពជាដាច់ខាតនូវគោលការណ៍ និងនីតិវិធីនៃការអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលកំពុងតែអនុវត្ត ព្រមទាំងទប់ស្កាត់ភាពមិនប្រក្រតីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរង ហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលរាជរដ្ឋាភិបាលទើបដាក់ឱ្យដំណើរការ នាពេលថ្មីៗនេះ»។
សម្ដេចក្រឡាហោម ស ខេង ក៏បានបន្ថែមថា អភិបាលរាជធានី-ខេត្ត ត្រូវណែនាំដល់មេឃុំ ចៅសង្កាត់មិនត្រូវប្រគល់ឈ្មោះគណនី(Username) និងលេខសម្ងាត់ (Password) សម្រាប់អនុម័តអ្នកទទួលផលចូលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ទៅបុគ្គលផ្សេងឡើយ៕EB