សាច់ក្រួចបង្កកជាង ២តោន ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល បន្ទាប់ពីចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ១
ភ្នំពេញ៖ សាខា ក.ប.ប. ខេត្តព្រៃវែង ដោយទទួលបានការស្នើសុំកិច្ចសហការ ពីអគ្គនាយកដ្ឋានគយ និងរដ្ឋករ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ បានចុះត្រួតពិនិត្យបឋមលើទំនិញ សាច់ក្រួចបង្កក(Frozen Quail)ចំនួន ២,២០០គីឡូក្រាម ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋករ (គយចល័ត) ឃាត់ស្ទាក់ចាប់បាននៅតំបន់២ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
តាមលទ្ធផលនៃការត្រួតពិនិត្យមន្ត្រីជំនាញ ក.ប.ប បានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ទទួលបានលទ្ធផលដូចខាងក្រោម៖
- បានរកឃើញថា ទំនិញសាច់ក្រួចបង្កកទាំងនោះ ពុំមានប្រភពច្បាស់លាស់ គ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រទេសនាំចេញ
- ការវេចខ្ចប់និងដឹកជញ្ជូនពុំបានត្រឹមត្រូវ
- ការរក្សាទុកពុំត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស (កម្រិតសីតុណ្ហភាពពុំត្រឹមត្រូវ) នាំឱ្យសាច់ប្រែប្រួលបាត់បង់គុណភាព
- សាច់បង្កកទាំងនោះពុំមានសារធាតុគីមីហាមឃាត់នោះទេ។
យោងតាមលទ្ធផលនៃការត្រួតពិនិត្យនេះ និងដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង មន្ត្រីជំនាញទាំង២ស្ថាប័នបានសម្រេចជាឯកឆន្ទ ដុតកម្ទេចចោលនូវសាច់ក្រួចបង្កកទាំង ២,២០០គ.កនោះ ដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជាយថាហេតុ ៕EB