ភ្នំពេញ ៖ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់កម្លាំងនគរបាលជាតិ បន្ដការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី មិនឲ្យមានការលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជា។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងប្រកាសចូលកាន់មុខតំណែង អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា បានថ្លែងថា «ត្រូវបន្តខិតខំរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី មិនឱ្យមានការលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ព្រមទាំងទប់ស្កាត់ និងប្រឆាំងដាច់ខាតរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬការញុះញង់ណាមួយដើម្បីបង្កអស្ថិរភាពនយោបាយ ឬភាពវឹកវរចលាចលក្នុងសង្គម»។

ឯកឧត្តម អភិសន្ដិបណ្ឌិត បន្ដថា បង្កើនការថែរក្សា ពង្រឹងសន្តិសុខជាតិ ដោយត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងកម្លាំងអនុវត្តច្បាប់ នៃប្រទេសដែលមានព្រំដែនជាប់កម្ពុជា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន សហការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អង្គការចាត់តាំងនៃក្រុមឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើគ្រប់ទម្រង់ បទល្មើសសម្អាតប្រាក់ បទល្មើសហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការសាយភាយអាវុធមហាប្រល័យ បទល្មើសគ្រឿងញៀនខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យា។

ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា បន្ថែមថា កងកម្លាំងនគរបាលជាតិ ក៏ត្រូវពង្រឹងការងារនគរបាលនិងសហគមន៍ សំដៅជំរុញអនុវត្តគោលនយោបាយ   «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដើម្បីកៀរគរ ប្រមែប្រមូលការគាំទ្រចូលរួមពីគ្រប់ផ្នែក គ្រប់ថ្នាក់ ជាពិសេសលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋក្នុងការបង្ការបង្រ្កាបបទល្មើសនានានៅតាមសហគមន៍ ព្រមទាំងការរក្សាសណ្តាប់ធ្នាប់ បរិស្ថាននៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ តាមរយៈការចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព លក្ខណៈសម្បត្តិទាំង៧យ៉ាងនៃគោលនយោបាយ«ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ