ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកមន្ដ្រីនគរបាលថ្មី ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល គឺជាឈាមមួយ ប្រកបដោយលក្ខណសម្បត្តិសមស្រប និងមានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋផងដែរ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា និងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ក្មួយៗ ទាំងអស់គឺជាឈាមថ្មី ដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ បានជ្រើសរើសយកមកចាក់បញ្ចូល ក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។ ហេតុនេះ ចាំបាច់ណាស់ដែលទាមទារឱ្យឈាមថ្មីនេះ ជាឈាមដែលមានគុណភាពល្អ ដើម្បីបំពេញតួនាទីជាមន្ត្រីនគរបាលបន្តវេន ប្រកបដោយ លក្ខណសម្បត្តិសមស្រប និងមានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ»។

ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម បានណែនាំណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ ត្រូវបន្ត អនុវត្តភារកិច្ចទទួលខុសត្រូវ ផែនការ គោលការណ៍នានា និងកម្មវិធីកំណែទម្រង់របស់ខ្លួន ឱ្យទទួលបានជោគជ័យនិងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ព្រមទាំងផ្តោតការយកចិត្ត ទុកដាក់បន្ថែមទៀតលើការងារពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសមាហរណកម្មខ្លួនទៅក្នុងក្របខណ្ឌអាស៊ាន តំបន់ និងពិភពលោកឱ្យបានពេញលេញ ព្រមទាំង មានឧត្តមភាពអាចប្រៀបធៀបបានក្នុងក្របខណ្ឌអន្តរជាតិ។

ចំណែកសិស្សនគរបាលជ័យលាភីទាំងអស់ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ដំបូន្មានឱ្យចងចាំថាការសិក្សាស្រាវជ្រាវ ការរៀនសូត្រ និងការធ្វើស្វ័យសិក្សាតាមគ្រប់រូបភាពនិងគ្រប់ទីកន្លែង គឺជាកាតព្វកិច្ចរបស់ក្មួយៗ ទាំងអស់ ដែលត្រូវផ្តោតយកចិត្តទុកដាក់ខ្ពស់និងអនុវត្តឱ្យបានល្អ ដើម្បីពង្រឹងនិងពង្រីក ចំណេះដឹងឱ្យកាន់តែទូលំទូលាយនិងសមត្ថភាពជំនាញឱ្យកាន់តែល្អប្រសើរ និងដកស្រង់បទពិសោធល្អៗពីនគរបាលរៀមច្បង ក្នុងគោលដៅធ្វើឱ្យក្មួយៗក្លាយជាធនធានមនុស្សកាន់ត មានតម្លៃនិងមានប្រយោជន៍ដល់អង្គភាព ដល់ក្រសួងមហាផ្ទៃ និងសង្គមជាតិទាំងមូល៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ