ក្រសួងការងារ នឹងបើកប្រាក់ឧបត្ថម្ភជូនកម្មករជាង ៧ពាន់នាក់ នៃរោងចក្រចំនួន១៥ ដែលព្យួរកិច្ចសន្យាការងារ
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ចំនួន ៧,៦៩៦នាក់ នៃរោងចក្រទាំង១៥ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។
តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាពេលថ្មីៗនេះ បានឲ្យដឹងថា «ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះ ចំនួន ៨១ ០០០រៀល សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ, ១៦២ ០០០រៀល សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់ ១ខែ»។
ក្រសួង បានរលឹកដល់ធនាគារ វីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារវីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ កម្មករត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ ក្រសួង បញ្ជាក់ថា «បងប្អូនមិនតម្រូវឲ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយ ពេលបើកប្រាក់ឧបត្ថម្ភនេះ»។
ក្រសួង បន្ថែមថា ក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រទាំង១៥ នេះ មិនបានទទួលសារទូរសព្ទពីធនាគារ វីង នោះ សូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចករបស់ខ្លួន។ ក្រសួង នឹងបន្តជូនដំណឹងដល់កម្មករនិយោជិតរោងចក្រដទៃផ្សេងទៀត ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារអំពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះ៕EB