ភ្នំពេញ ៖ ដោយសង្កេតឃើញមានការផ្សព្វផ្សាយយ៉ាងច្រើនអំពីការផលិត ការសាកល្បងដោយជោគជ័យ អំពីវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ពីបណ្តាប្រទេសមួយចំនួន ហើយដែលកត្តានេះអាចធ្វើឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា មានការយល់ច្រលំ ហើយអាចធ្វេសប្រហែសនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបា ល បានថ្លែងថា មិនទាន់មានវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ណាមួយត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅឡើយទេ រហូតមកទល់ថ្ងៃនេះ។នេះបេីយោងតាមការចេញផ្សារ របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)  កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។ 

លោកស្រី  មានប្រសាសន៍ថា  "ខ្ញុំសូមបញ្ជាក់ជូនជាថ្មី រហូតមកទល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ អង្គការសុខភាពពិភពលោក ពុំទាន់បានទទួលស្គាល់ជាផ្លូវការ នូវវ៉ាក់សាំងការពារវីរុសកូវីដ-១៩ នៅឡើយទេ”។

លោកស្រី បន្ដថា  ប៉ុន្តែខណៈប្រទេសកម្ពុជាគឺជាប្រទេសសមាជិកសម្ព័ន្ធភាពអន្តរជាតិចាក់ថ្នាំបង្ការ (GAVI) ក្រសួងសុខាភិបាល បាន និងកំពុងធ្វើការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោក ក៏ដូចជាប្រទេសនានាដទៃទៀត ក្នុងការគិតគូរស្នើសុំឱ្យមានការផ្តល់វ៉ាក់សាំងប្រកបដោយសមភាពមកកម្ពុជាផងដែរ ដែលហៅថា non-binding expression of interest for Covid-19 vaccine to Covax facility of GAVI រួចហើយ។

ឆ្លៀតក្នុងឱកាសនោះ អ្នកនាំពាក្យក្រសួងសុខាភិបា ល ក៏បានបន្តអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ភ្ជាប់ស្មារតីប្រុងប្រយ័ត្នខ្ពស់ពីការឆ្លងវីរុសកូវីដ-១៩ តាមរយៈវិធានការសាមញ្ញៗទាំង០៣ គឺអនាម័យដៃ-ខ្លួនប្រាណស្អាត ពាក់ម៉ាសនៅទីកន្លែងចាំបាច់ និងរក្សាគម្លាតសុវត្ថិភាព យ៉ាងតិច១,៥ម៉ែត្រពីគ្នា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ