ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣នេះ សមត្ថកិច្ចរឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានជាង ៨៣៨ គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ៧.៤៨០នាក់។

សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះ ក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ» នៅព្រឹកថ្ងៃទី២៨ មិថុនា។

សម្ដេច ឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ដោយឡែក ៥ខែដើមឆ្នាំ២០២៣នេះ យើងបង្រ្កាបបានសរុប ៣.១៤៣ករណី, ឃាត់ខ្លួនជនសង្ស័យសរុប ៧.៤៨០ នាក់/ស្រី ៤៧៨ នាក់ និងរឹបអូសគ្រឿងញៀនគ្រប់ប្រភេទ បានចំនួន៨៣៨ គីឡូ ៧៧២,៦ក្រាម»។

សូមរំលឹកថា ឆ្នាំ២០២២ កន្លងទៅ សមត្ថកិច្ចអនុវត្តច្បាប់គ្រប់ប្រភេទបានបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន ៦.៣៩០ករណី ស្មើនឹង១០១,៣០% បើប្រៀបធៀបទៅនឹងបទល្មើស ដែលបង្រ្កាបបានក្នុងឆ្នាំ២០២១។ រឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានចំនួន ១៤តោន ៩១៩គ.ក្រ ៤៦៧,០៧ក្រ ស្មើនឹង ៣១៨,១៤% បើប្រៀបធៀបទៅបរិមាណគ្រឿងញៀន ដែលរឹបអូសបានក្នុង ឆ្នាំ២០២១ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១៥.០០២ នាក់ (ស្រី៩៥២នាក់) បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ