ភ្នំពេញ ៖ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ  ២០១៨-២០២២ រាជរដ្ឋាភិបាលកម្ពុជា បានពុះពារឆ្លងកាត់ប្រកបដោយជោគជ័យនូវបញ្ហាប្រឈមជាច្រើន ដែលកើតចេញពីកត្តាសត្យានុម័តផង និងកត្តាអត្តនោម័តផង។ 

ក្នុងកិច្ចរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំឯកសារសម្រាប់សន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល០៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសង លោក ខៀវ សុភ័គ មានប្រសាសន៍ថា "រយៈពេល ៥ឆ្នាំ (២០១៨-២០២២) ក្នុងរបត់ នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ព្រះរាជាណាចក្រកម្ពុជា បានពុះពារឆ្លងកាត់ប្រកបដោយជោគជ័យនូវបញ្ហាប្រឈមជាច្រើន ដែលកើតចេញពីកត្តាសត្យានុម័តផង និងកត្តាអត្តនោម័តផង"។ 

លោក បានបន្ដថា ជាក់ស្ដែង ការផ្ទុះឡើងនៃជំងឺរាតត្បាតសកលកូវីដ-១៩ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនទូទាំងសកលលោក។

លើសពីនេះ លោក អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានលើកឡេីងថា ដេីម្បីឆ្លើយតបចំពោះវិបត្តិ និងបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានាប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ព្រមទាំងទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំងជ្រុលនិយម និងឆ្លើយតបបានទាន់ពេលវេលាចំពោះផលប៉ះពាល់បណ្តាលមកពីវិបត្តិនានា និងគ្រោះជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរ ហើយបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធានាបាននូវប្រក្រតីភាពនៃគ្រប់សកម្មភាព ក្នុងសង្គម លំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងសម្រេចបាននូវវឌ្ឍនភាពសង្គម ស្របតាមគោលការណ៍នានាដែលបានកំណត់។

លោក បានបន្ថែមថា សមិទ្ធផលនយោបាយ សេដ្ឋកិច្ច សង្គម ដែលសម្រេចបានគួរជាទីមោទកៈខាងលើ បានឆ្លុះបញ្ចាំងឱ្យឃើញ ពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីឆន្ទៈយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ ក្នុងនោះ ក្រសួងមហាផ្ទៃ បានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការធ្វើឱ្យសម្រេចសមិទ្ធផលទាំងនេះ តាមរយៈការខិតខំអនុវត្ត តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន។

សូមជម្រាបជូនដែរថា កិច្ចប្រជុំនាពេលព្រឹកនេះគឺលើកទី២ ខណៈលើកទី១ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ហើយកិច្ចប្រជុំពិភាក្សារៀបចំឯកសារនេះ ក្នុងគោលបំណងដើម្បីត្រៀមរៀបចំឯកសារស្តីពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្តរបស់ក្រសួងមហាផ្ទៃ សម្រាប់សន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រីនាពេលខាងមុខ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ