នាយករដ្ឋមន្ដ្រីកម្ពុជា ស្នើប្រធានាធិបតីវៀតណាម ពន្លឿនការចរចា នៃការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើលោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានាធិបតីវៀតណាម ពន្លឿនការចរចា នៃការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដើម្បីជាការសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើបែបនេះនាឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយលោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានាធិបតីវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅរដ្ឋធានីប៉េកាំង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
ក្នុងឱកាសនៃជំនួបនេះ លោកប្រធានាធិបតីវៀតណាម បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី, ប្រទេសកម្ពុជា នឹងអាចអនុវត្តដោយជោគជ័យនូវរាល់គោលនយោបាយនានា ដែលបានដាក់ចេញគ្រប់កម្រិត ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ លោក ក៏បានបញ្ជាក់បន្ថែមថា ប្រទេសវៀតណាម នៅតែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ដោយក្តីរីករាយចំពោះការរីកចម្រើន នៃទំនាក់ទំនងលើគ្រប់វិស័យ ដោយក្នុងនេះ ទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏មានការកើនឡើងជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ។ ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានស្នើ លោកប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។
ជារួម ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៕EB