ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានធ្វើការណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវសហការជាមួយ អាជ្ញាធរដែនដីឱ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។

ជុំវិញបញ្ហាទាំងនេះ ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ជាអាទិភាពលើចីរភាពបរិស្ថាន ដោយមានចែងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាលក្ខខណ្ឌចម្បងមានចែងក្នុងបាវចនា «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព»។

ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍដោយចីរភាពរួមមាន៖

ទី១-ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌អប់រំណែនាំ និងចុះកិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

ទី២-ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីឱ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ។

ទី៣-សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក។

៤-ការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំស្តាព្រៃឈើ ជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ការអភិរក្សជីវចម្រុះដោយចីរភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ