ក្រសួងអប់រំ ណែនាំសិស្សានុសិស្សថ្នាក់ទី១២ ត្រូវខិតខំរៀនសូត្រក្នុងថ្នាក់ និងធ្វើស្វ័យសិក្សាបន្ថែម ដើម្បីត្រៀមប្រឡងបាក់ឌុប
ភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនសិស្សានុសិស្សថ្នាក់ទី១២ កំពុងត្រៀមប្រឡងបាក់ឌុប ឲ្យខិតខំរៀនសូត្រក្នុងថ្នាក់ និងធ្វើស្វ័យសិក្សាបន្ថែម ព្រមទាំងស្តាប់ដំបូន្មានរបស់មាតាបិតា។
លោក រស់ សុវាចា បានបញ្ជាក់ថា លោកសូមគោរពផ្ញើសារជូនសិស្សានុសិស្សថ្នាក់ទី១២ កំពុងត្រៀមប្រឡងបាក់ឌុបនាថ្ងៃទី០៦-០៧ វិច្ឆិកា ២០២៣, មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ដូចជា៖ បន្តត្រៀមខ្លួនប្រឡងតាមផែនការបុគ្គលដោយខិតខំរៀនសូត្រក្នុងថ្នាក់ និងធ្វើស្វ័យសិក្សាបន្ថែម ព្រមទាំងស្តាប់ដំបូន្មានរបស់មាតាបិតា, បន្តថែទាំសុខភាពដោយញាំឲ្យគ្រប់ គេងឲ្យគ្រាន់ ទឹកឲ្យក្រែល, បន្តគោរពច្បាប់ចរាចរណ៍, និងចៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត, បន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
លើសពីនេះ សូមមាតាបិតាមេត្តា បន្តជួយដំណើរការរៀនសូត្រ និងការរៀនត្រៀមប្រឡងបាក់ឌុបរបស់កូនៗ ដែលទាមទារឲ្យបន្តមានការជួយជ្រោមជ្រែងពីមាតាបិតា, បន្តលើកទឹកចិត្តជួយសិស្សានុសិស្សឲ្យអនុវត្តន៍លំហាត់ និងរៀនបន្ថែមនៅផ្ទះ។
ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ ជូនចំពោះបុគ្គលិកអប់រំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ ដែលបាននិងបន្តចូលរួមលើកកម្ពស់ការបង្រៀន រៀន និងបានចូលរួមគាំទ្រដំណើរការប្រឡងបាក់ឌុប គ្រប់ដំណាក់កាល៕EB