កម្ពុជាស្នើរុស្ស៊ី រៀបចំឲ្យមាន កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង កាលពីថ្ងៃទី១៣ខែតុលា ឆ្នាំ២០២០ តាមរយៈលោក អាណាតូលី បូរ៉ូវិច (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានស្នើទៅកាន់រដ្ឋាភិបាលរុស្ស៊ី ជួយធ្វើយ៉ាងណាជំរុញ ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងសហព័ន្ធនេះ។
ការស្នើនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ រវាងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោក អាណាតូលី បូរ៉ូវិច (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី១២ខែតុលា ឆ្នាំ២០២០។
នៅក្នុងជំនួបនោះផងដែរ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានស្នើថា គួរអោយមានកិច្ចប្រជុំគណៈកម្មការនេះ តាម Online ដើម្បីជម្រុញពាណិជ្ជកម្ម និងវិនិយោគ ក្នុងពេលដែលCovid-19 មិនអាចអោយមានការប្រជុំផ្ទាល់បាន។ ម្យ៉ាងទៀត លោកឧបនាយរដ្ឋមន្ត្រី ក៏បានជម្រាប លោកអគ្គរដ្ឋទូត ថាសព្វថ្ងៃកម្ពុជាមិនទាន់បើក អោយទេសចរបរទេស ក៏ប៉ុន្ដែយើងបើក អោយធុរជនបរទេស អាចមកកម្ពុជាបាន ដើម្បីជម្រុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
ដោយសហព័ន្ធរុស្ស៊ីបានបង្កើត សហព័ន្ធសេដ្ឋកិច្ចអឺរ៉ាស៊ី-អឺរ៉ុប (Eurasian Economic Union) លោកឧបនាយករដ្ឋមន្រ្តី បានស្នើលោកឯកអគ្គរដ្ឋទូត ជួយធ្វើយ៉ាងណាជួយជំរុញ ឲ្យមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA)រវាងកម្ពុជានិងសហព័ន្ធនេះ ដើម្បីកម្ពុជាអាចនាំចេញ ផលិតផលកសិកម្ម និងឧស្សាហកម្មកម្ពុជា ក៏ដូចជាពាណិជ្ជកម្ម ជាមួយសហព័ន្ធនេះ ដែលមានប្រទេសសមាជិក នៅអាស៊ីចំនួន៤ និងសហព័ន្ធរុស្ស៊ី។
ម្យ៉ាងវិញទៀត ដោយសហព័ន្ធរុស្ស៊ី នៅឆ្នាំ២០២០ ជាប្រធានអង្គការ កិច្ចសហប្រតិបត្តិការសៀងហៃ(SCO) ដែលមានប្រទេសសមាជិក នៅអាស៊ីចំនួន ៧និងសហព័ន្ធរុស្ស៊ី។ លោកឧបនាយករដ្ឋមន្រ្តីស្នើទៅ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ជួយធ្វើយ៉ាងណាឲ្យ កម្ពុជាបានក្លាយជា ប្រទេសសង្កេតការណ៍ និងទៅអនាគតជាសមាជិក។
ចំពោះបំណុលរបស់កម្ពុជា ដែលរុស្ស៊ីបានជួយក្រោយពីកម្ពុជា បានរួចផុតពី របបប្រល័យពូជសាសន៍ខ្មែរក្រហម កន្លងមក លោកលោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា មានការពិភាក្សាយូរឆ្នាំ និងច្រើនលើកមកហើយ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នឹងស្ថាប័នពាក់ព័ន្ធរុស្ស៊ី តែពុំទាន់បានសម្រេច លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការពិតបំណុលនេះ គឺជួយគ្រោះអត់ឃ្លាន របស់ប្រជាជនកម្ពុជា ក្រោយពីការដួលរលំ របបខ្មែរក្រហម និងការកសាងកម្ពុជាឡើងវិញ ខុសពីបំណុលរបស់ប្រទេសមួយទៀត ដែលនាំសង្រ្គាមមកកម្ពុជា រហូតឲ្យមានរបបខ្មែរក្រហម។ លោកលោកឧបនាយករដ្ឋមន្រ្តី បានស្នើឲ្យមានការដោះស្រាយ ឈរលើមូលដ្ឋានមិត្តភាព ជិតស្និទ្ធដ៏យូរលង់មកហើយ និងការយោគយល់គ្នា រវាងរដ្ឋាភិបាលនិងប្រជាជនយើងទាំងពីរ។
ឆ្លើយតបនឹងសំណូមពររបស់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងលោកទូតបានសន្យាថា នឹងរាយការណ៍ទៅម៉ូស្គូ អំពីសំណើរបស់ លោកឧបនាយករដ្ឋមន្រ្តី សុំឲ្យរុស្ស៊ីជួយធ្វើយ៉ាងណាជំរុញ ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជានិងសហព័ន្ធនេះ ដើម្បីកម្ពុជាអាចនាំចេញ ផលិតផលកសិកម្ម និងឧស្សាហកម្មកម្ពុជា ក៏ដូចជាពាណិជ្ជកម្ម ជាមួយសហព័ន្ធនេះ។
លោកទូតបានសន្យាថា នឹងរៀបចំឲ្យមានកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលនេះ តាមប្រព័ន្ធ online ដើម្បីជាការឆ្លើយតប នឹងសំណើខាងលើរបស់ លោកឧបនាយករដ្ឋមន្រ្តី។ ទន្ទឹមនិងនេះលោកក៏បានសន្យាថា នឹងរាយការណ៍ទៅម៉ូស្គូ សុំឲ្យរុស្ស៊ីជួយឲ្យកម្ពុជា កា្លយជាប្រទេសអ្នកសង្កេតការណ៍ របស់អង្គការសហប្រតិបត្តការ សៀងហៃ(SCO) ៕EB