ភ្នំពេញ ៖ នៅរយៈពេល ៩ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកការងារវិនិយោគ បានអនុម័តលើគម្រោងចំនួន ១៩១គម្រោង កើនឡើង ៤១គម្រោង និងមានទុនវិនិយោគសរុប ៣.៧ប៊ីលានដុល្លារ ការកើនឡើងប្រមាណជិត ៣០៦លានដុល្លារ បើធៀបនឹងឆ្នាំ២០២២។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ទុនវិនិយោគមកពីប្រទេសចិន ឈរលំដាប់លេខរៀងទី១ ដោយបានចូលរួមចំណែកជាង ៧៦ភាគរយនៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុកឈរ នៅលំដាប់លេខរៀងទី២ មានចំណែក ១២.៣៨ភាគរយ។

គម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស នៅរយៈពេល ៩ខែឆ្នាំនេះ មានចំនួន ១៤១គម្រោង កើនឡើង២៥គម្រោង មានទុនវិនិយោគសរុបជាង ៣ ១២៥លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានចំនួន ១១៦គម្រោង មានទុនវិនិយោគ ២ ៩០៤លានដុល្លារ។

ដោយឡែកគម្រោងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៥០គម្រោង កើនឡើងចំនួន ១៦គម្រោង ដែលមានទុនវិនិយោគសរុបជាង ៦៣៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានចំនួន ៣៤គម្រោង មានទុនវិនិយោគជា ៥៥៤លានដុល្លារ។

នៅខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង មានទុនវិនិយោគសរុប ១.៦ប៊ីលានដុល្លារអាមេរិក និងបង្កើតការងារបានប្រមាណ ៣២ពាន់កន្លែង។ ក្នុងនោះគម្រោងដ៏ធំដែលត្រូវបានអនុម័ត រួមមាន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានទុនវិនិយោគ ប្រមាណ ១.៤ពាន់លានដុល្លារ, គម្រោងសង់អនុស្ថានីយ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ទុនវិនិយោគជាង ៩០លានដុល្លារ និងគម្រោងបង្កើតរោងចក្រផលិតដែក មានទឹកប្រាក់ ៤០លានដុល្លារ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ