សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាមិនមែនជាប្រទេសមានខ្លាំង តែរាជរដ្ឋាភិបាលមិនអត់គំនិតក្នុងការជួយដល់ពលរដ្ឋខ្លួនឯងនោះឡើយ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បើទោះបីជា ប្រទេសកម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលមិនអត់គំនិតក្នុងការជួយដល់ពលរដ្ឋរបស់ខ្លួននោះឡើយ ខណៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ,ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណារហូត មកដល់ពេលនេះគឺបានចំណាយថវិកាអស់ជិត ១.២០០លានដុល្លារមកហើយ។
តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលបានចោទសួរដល់រាជរដ្ឋាភិបាលថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកយ៉ាងណាទេ? សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងថា ខាងក្រោមនេះ គឺជាឧទាហរណ៍ នៃរបាយការណ៍ប្រចាំថ្ងៃ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើទៅកាន់សម្តេច សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងរបាយការណ៍នេះបានបង្ហាញអំពីទិន្នន័យសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានបញ្ចេញ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣ ដោយក្នុងនោះរួមមាន៖
១. ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ១៩ ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ខែ។ ប្រជាពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះមានចំនួនសរុប ៤៣៧,៧៣១គ្រួសារ (ស្មើនឹងប្រជាជនជាង ២លាន៧សែននាក់) ដែលរដ្ឋបានចំណាយថវិកាសរុបចំនួនជិត ១ពាន់២០០លានដុល្លារ។
២.ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ មកទល់ពេលនេះមានស្ត្រី និងកុមារដែលទទួលផលពីកម្មវិធីនេះ ចំនួន ៣៣៩,៩៧៧នាក់ ចំណាយថវិកាសរុបជិត ២៧ លានដុល្លារ។
៣. ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន ៤៩៥,១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង ១លាន៨សែននាក់) ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបចំនួនជាង ៤២លានដុល្លារ) ។
ដូច្នេះគិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ កម្មវិធីទាំងបីផ្ដល់អត្ថប្រយោជន៍ ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួនជាង ២លាន៧សែននាក់ (ឬ ៤៣៧,៧៣១ គ្រួសារ), ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចំនួន ៣៣៩,៩៧៧នាក់ និងគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណាចំនួនជាង ១លាន៨សែននាក់ (ឬ ៤៩៥,១១៩គ្រួសារ) ដែលបានចំណាយទឹកប្រាក់សរុបចំនួន ៥,០៩០,១០២,៩០២,២០០រៀល (ឬ ១,២៤១,៤៨៨,៥១៧ដុល្លារ ឬជាង ១ពាន់ ២រយលានដុល្លារ)។
បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ខាងលើនេះគឺគិតចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់តែចំនួនបីប៉ុណ្ណោះ។ «ក្រៅពីកម្មវិធីទាំងបីនេះ រាជរដ្ឋាភិបាលក៏មានគោលនយោបាយផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យ នៅទូទាំងប្រទេស។ កម្ពុជាមិនមែនជាប្រទេសមានខ្លាំងប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ»៕EB