ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា បានអញ្ជើញចូលរួមក្នុងពិធីបើក និងបិទនៃកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាពរាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ជ.អ.ប. មានប្រសាសន៍ថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា បានបន្តរៀបចំចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលជាង ៤ម៉ឺននាក់ ក្នុងនោះ មានមន្ត្រីមកពីថ្នាក់ជាតិជាង ២ម៉ឺននាក់ ត្រូវបានដាក់ពង្រាយនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ និងភូមិនានា ទូទាំងប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម បន្ដថា ក្នុងរយៈពេល ៥កន្លងមកនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានយកអស់កម្លាំងកាយ ស្មារតី ខិតខំប្រឹងប្រែង បំពេញការងារចុះមូលដ្ឋានយ៉ាងសកម្ម និងសម្រេចបានសមិទ្ធផលនានាជាច្រើនស្ទើគ្រប់វិស័យ ហើយក្រុមការងារគ្រប់លំដាប់ថ្នាក់ បានរួមគ្នាចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅតាមមូលដ្ឋាន និងនៅតាមខ្នងផ្ទះ និងបានរៀបចំវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប់ជាប្រចាំ ដើម្បីស្វែងយល់ដោយផ្ទាល់នូវបញ្ហាប្រឈមនានា។

នាឱកាសនោះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងថា ក្រោយថ្ងៃ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការចុះពង្រឹងមូលដ្ឋាន ដើម្បីផ្សារភ្ជាប់ភាពជិតស្និតរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ចូលរួមដោះស្រាយបញ្ហាប្រឈមនានា នៅតាមមូលដ្ឋានទូទាំងប្រទេស ដោយទទួលបានសមិទ្ធផលសំខាន់ៗផងដែរ។

សម្ដេចតេជោ បន្ដថា រាជរដ្ឋាភិបាលកម្ពុជា គឺជារដ្ឋាភិបាលដែលបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន នៅតែបន្តចាត់ទុកការរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាការលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការទទួលខុសត្រូវ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងគ្រប់កាលៈទេសៈ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ