រាជរដ្ឋាភិបាល បញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក្នុង១ខែ សម្រាប់កម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យកាត់ដេរ ខណៈកម្មករនិយោជិត ក្នុងវិស័យទេសចរណ៍ នៅតែបន្តឧបត្ថម្ភ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ការអនុវត្តវិធានការរាជរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិក ក្នុង១ខែ សម្រាប់កម្មករ និយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប គិតចាប់ពីខែមករា ឆ្នាំ២០២២ តទៅខណៈកម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍នៅទទួលបានប្រាក់ឧបត្ថម្ដដដែល រហូតដល់វិស័យនេះមានសភាពធូរស្បើយជាងនេះ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងថា ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ត្រូវបានគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យរោងចក្រ សហគ្រាស ភាគច្រើនបានចាប់ផ្តើមមានដំណើរការជាប្រក្រតីឡើងវិញ និងយោងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការអនុវត្តវិធានការរាជរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិក ក្នុង១ខែ សម្រាប់កម្មករ និយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប គិតចាប់ពីខែមករា ឆ្នាំ២០២២ តទៅខណៈបងប្អូនកម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍នៅទទួលបានប្រាក់ឧបត្ថម្ដដដែល រហូតដល់វិស័យនេះមានសភាពធូរស្បើយជាងនេះ។
ក្រសួង បានបន្តថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្នុងវិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តការព្យួរកិច្ចសន្យាការងារ ស្របតាមខ្លឹមសារមាត្រា៧១ និង ៧២ នៃច្បាប់ស្តីពីការងារ ឬតាមការព្រមព្រៀងគ្នារវាងនិយោជក និងកម្មករនិយោជិត៕EB