ភ្នំពេញ ៖ ក្នុងទិវាមច្ឆជាតិ ១ កក្កដា ! លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានអំពាវនាវ កុំយកបឹងព្រែកប្រើប្រាស់ខុសគោលដៅនេសាទគ្រួសារ ដូចជា ដាំឈូក ឬចាក់ដីលុបដើម្បីកសាងសំណង់ផ្សេងៗ។

តាមរយៈគេហទំព័ហ្វេសប៊ុក នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន បានអំពាវនាវដល់ជនរួមជាតិ និងប្រជានេសាទទាំងអស់ត្រូវចងចាំ និងបន្តអនុវត្តនូវអនុសាសន៍ដ៏ត្រចះត្រចង់ ទាំង៧ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានខ្ជាប់ខ្លួន ដូចជា ៖

ទី១-សូមកុំប្រើឧបករណ៍នេសាទខុសច្បាប់សម្រាប់ធ្វើនេសាទ ដូចជា ថ្មស្អុយ ឧបករណ៍ឆកត្រី ស្បៃមុង គ្រឿងផ្ទុះ អ្វីក៏ដោយដែលឧបករណ៍នេសាទហាមឃាត់។

ទី២-សូមកុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង  (ពីថ្ងៃទី ០១ ខែមិថុនា ដល់ថ្ងៃទី ៣១ ខែតុលា)សូមមេត្តារួមគ្នា ដើម្បីទុកត្រី ទុកឱ្យវាធំ ឱ្យវាពង ឱ្យវាញាស់ឡើងកុំចាប់វា កុំបំផ្លាញវា។

ទី៣-សូមមេត្តាកុំកាប់ព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន ជម្រកត្រី និងជាកន្លែងស្វែងរកចំណី ហើយក៏សុំជួយដាំ ព្រៃលិចទឹកឡើងវិញផងដែរ។

ទី៤-ត្រូវជួយការពារតំបន់អភិរក្ស  រាប់ទាំងការជួយផ្តល់ព័ត៌មានអំពីជនខិលខូច ឬមន្ត្រីខិលខូចចូលទៅបំផ្លាញ ក្នុងតំបន់អភិរក្ស។

ទី៥-កុំយកបឹងព្រែកប្រើប្រាស់ខុសគោលដៅនេសាទគ្រួសារ  ដូចជាការដាំឈូក   ឬចាក់ដីចូលលុបដើម្បីកសាង សំណង់ផ្សេងៗ។

ទី៦-សូមកុំឱ្យមានទំនាស់រវាងប្រជាជន  និងប្រជាជនលើបញ្ហាអ្នកនេសាទជាមួយអ្នកធ្វើស្រែប្រាំង និងទំនាស់ដែន ទឹករវាងឃុំនិងឃុំ ស្រុកនិងស្រុក ខេត្តនិងខេត្ត។

និងទី៧-ស្នើចូលរួម «ទិវាមច្ឆជាតិ ១ កក្កដា» ជំរុញការចិញ្ចឹមត្រី ការធ្វើវារីវប្បកម្ម ការរក្សាទុកពូជត្រីធំៗ ឬជិតផុតពូជ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ