ភ្នំពេញ ៖អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការបង់ពន្ធ និងអាករលើរថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលបានចុះបញ្ជីរួចនៅតាមបណ្តាអង្គភាពគយ និងរដ្ឋាករ រាជធានី-ខេត្ត។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ការអនុញ្ញាតឲ្យម្ចាស់រថយន្តគ្មានពន្ធ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដោយពុំមានការពន្យារពេលឡើយ។

ក្នុងន័យនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួច ប៉ុន្តែនៅមិនទាន់បានមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឲ្យប្រញាប់រួសរាន់ចូលមកបង់ពន្ធ និងអាករនៅតាមបណ្តាអង្គភាពគយ និងរដ្ឋាកររាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឲ្យបានមុនការកំណត់ដូចបានជម្រាបជូនខាងលើជាកំហិត ដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណៈជាយថាហេតុ។

ក្រោយថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ រថយន្តចង្កូតស្ដាំបានចុះបញ្ជីរួចដែលពុំបានបំពេញកាតព្វកិច្ចពន្ធ និងអាករគឺជាមុខសញ្ញានៃការបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ