ភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានប្រាប់អ្នករាយការណ៍ពិសេស ថា នៅកម្ពុជាមានបណ្ដាញសារព័ត៌មានដ៏សម្បូរបែប អាចចុះផ្សាយព័ត៌មានដោយមិនមានការត្រួតពិនិត្យជាមុន ដោយរដ្ឋាភិបាល ហើយការប្រើប្រាស់បណ្តាញសង្គមវិញ ក៏មានលក្ខណៈទូលំទូលាយ ផងដែរ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ស.ម.ក។

នាឱកាសអនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា ចូលជួបពិភាក្សាការងារ នៅសាលាប្រជុំ គ.ស.ម.ក នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោក កែវ រ៉េមី បានថ្លែងឱ្យដឹងថា ច្បាប់កម្ពុជា បានការពាររបបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល មិនអនុញ្ញាតឱ្យមានការកែប្រែ ឬធ្វើវិសោធនកម្មឡើយ ដែលនេះគឺជាលក្ខណៈពិសេសមួយក្នុងការធានានូវលំហ ប្រជាធិបតេយ្យនៅកម្ពុជា។ ជាក់ស្តែង ការបោះឆ្នោតបានរៀបចំឡើងជាទៀងទាត់ ហើយការបោះឆ្នោតឃុំ សង្កាត់ កន្លងមកថ្មីៗនេះ មានគណបក្សនយោបាយរហូតដល់១៧ បានចូលរួមប្រកួតប្រជែងដោយសេរីនិងស្មើភាព។

លោក បញ្ជាក់ថា « រីឯលំហស៊ីវិលវិញ នៅកម្ពុជាមានបណ្ដាញសារព័ត៌មានដ៏សម្បូរបែប ដែលអាចចុះផ្សាយព័ត៌មានដោយមិនមាន ការត្រួតពិនិត្យជាមុនដោយរដ្ឋាភិបាល ហើយការប្រើប្រាស់បណ្តាញសង្គមវិញក៏មានលក្ខណៈទូលំទូលាយ តួយ៉ាង អ្នកប្រើប្រាស់ហ្វេសប៊ុកមានរហូតដល់ទៅប្រមាណ ១៣លាន២សែននាក់ រីឯអង្គការសង្គមស៊ីវិលមានប្រមាណ ៦ពាន់ កំពុងប្រតិបត្តិការការងារដោយសេរីផងដែរ»។

ក្រោយពីបានទទួលព័ត៌មានទាំងអស់ខាងលើ លោក វិទិត មុនតាប៊ន បានសម្តែងនូវការកត់ សម្គាល់ពីភាពរីកចម្រើន នៃស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់និងការការពារសិទិ្ធមនុស្សក្នុងប្រទេសកម្ពុជា ព្រមទាំងបានស្នើឱ្យ គ.ស.ម.ក. បន្តនិងពង្រីកការងារសិទ្ធិមនុស្សនេះបន្ថែមទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ