ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-អន្តរជាតិ ក្នុងខែមករា ឆ្នាំ២០២៣នេះ បានធ្លាក់ចុះប្រមាណជិត ២៩% បើធៀបនឹងឆ្នាំមុន ជាមួយនឹងទំហំទឹកប្រាក់សរុបជាង ៣ពាន់៤រយលានដុល្លារ ដោយឡែកឆ្នាំមុន មានទំហំជិត ៤ពាន់ ៩រយលានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមរបាយការណ៍ ដដែល បានបង្ហាញថា ប្រទេសចិន ជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មសរុបជិត ១ពាន់លានដុល្លារ ធ្លាក់ចុះជាង ១៨ ភាគរយ។ រីឯអាមេរិក ឈរនៅចំណាត់ថ្នាក់ពី២ បន្ទាប់ពីប្រទេសចិន មានទំហំពាណិជ្ជកម្មសរុបជាមួយកម្ពុជាជិត ៦រយលានដុល្លារ ធ្លាក់ចុះ ២៣ភាគរយ បន្ទាប់ពីនេះ គឺប្រទេស វៀតណាម ថៃ ជប៉ុន និងឥណ្ឌូនេស៊ី គឺសុទ្ធតែមានការធ្លាក់ចុះផងដែរ។

ចំពោះមុខទំនិញ សំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផលិតផលកង់ជាដើម។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិ កាលពីឆ្នាំ ២០២២ សម្រេចបានទឹកប្រាក់ ប្រមាណ៥២,៤២ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើន៩,១ភាគរយ បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ