ភ្នំពេញ ៖ តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៣.១៣២.០៨០នាក់, ភ្ញៀវអន្តរជាតិ ៥៥.៦៩១ នាក់។

ចំពោះ ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋប្រមាណជាង ១៣ លាននាក់ ក្នុងរយៈពេល៣ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសលុបលើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត។ ចំនូនភ្ញៀវទាំងជាង ១៣លាននាក់នេះ គឺរដ្ឋបាលរាជធានី ខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។

ទន្ទឹមនឹងនេះ សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវ និងប្រជាពលរដ្ឋ មានតាំងពីពេលព្រឹករហូតដល់យប់អាធ្រាតុ ពិសេសការកម្សាន្តបាញ់ទឹក លាបម្សៅ និងចាក់ភ្លេងកម្សាន្តជាដើម។ ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០%។

ជាងនេះទៅទៀត បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ