ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងឱ្យលោក គឹម ហ៊ាង ត្រូវបញ្ឈប់ជាបន្ទាន់នូវពាក្យសំដីដែលគ្មានការទទួលខុសត្រូវ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ ដើម្បីបញ្ចៀសនូវការយល់ច្រឡំ និងជំរុញការជួញដូរដីធ្លីក្នុងតំបន់សៀមរាប-អង្គរ ដែលនឹងអាចបង្កើតនូវចលាចលសង្គមជាយថាហេតុណាមួយ។ 

យោងតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ថ្មីៗនេះ បណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយនូវវីដេអូកាត់ខ្លីរយៈពេល៣នាទី ៤១វិនាទី របស់លោក គឹម ហ៊ាង អ្នកជំនួញដីធ្លីមួយរូប ថ្លែងនៅក្នុងសិក្ខាសាលាមួយស្តីពីអនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ដែលលើកឡើងនូវទស្សនវិស័យរបស់ខ្លួន ទាក់ទងទៅនឹងការអភិរក្ស និងអភិវឌ្ឍ នៃតំបន់សៀមរាប-អង្គរ និងវិធាននៃការការពារបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយប្រើប្រាស់សំដីវាយប្រហារមិនមានការទទួលខុសត្រូវ និងគ្មានការសិក្សាស្រាវជ្រាវយល់ដឹងគ្រប់ជ្រុងជ្រោយ ខ្វះខាតចំណេះដឹងលើផ្នែកកិច្ចការពារបេតិកភណ្ឌពិភពលោក ដោយសម្លឹងឃើញតែមួយជ្រុងទៅលើវិស័យអចលនទ្រព្យ ដើម្បីតែផលចំណេញនៃមុខជំនួញខ្លួន ដោយបំភ្លេចចោលនូវតម្លៃនៃមរតកវប្បធម៌ជាតិ ក៏ដូចជាការជំរុញឱ្យមានចលនាទិញ លក់ដូរអចលនទ្រព្យកាន់តែខ្លាំងក្លាឡើង ក្នុងតំបន់សៀមរាប អង្គរ ដែលអាចនាំដល់ការរីករាលដាលសំណង់អាណាធិបតេយ្យក្នុងតំបន់រមណីយដ្ឋានការពារ និងតំបន់ជុំវិញនានា។

ក្រសួង បានសង្កត់ធ្ងន់ៗថា៖ «ពាក្យសំដីនេះបានធ្វើឱ្យប៉ះពាល់ទៅលើកិច្ចខិតខំប្រឹងប្រែងការពារ ថែរក្សា និងអភិរក្ស របស់ឥស្សរជនជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិ គ្រប់ជំនាន់ ជាពិសេសការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានសហការជាមួយអង្គការយូណេស្កូ តាមរយៈការជំរុញ និងគាំពារឱ្យបង្កើតយន្តការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-អង្គរ) ដឹកនាំដោយសហប្រធានបារាំង និងជប៉ុន ដែលប្រមូលផ្ដុំដោយអ្នកជំនាញការជាតិ អន្តរជាតិដែលមានអាយុកាលជាង ៣០ឆ្នាំ បានរួមគ្នាមកសង្គ្រោះ និងការពារអង្គរ ក្នុងនោះបានប្រើប្រាស់ថវិកាច្រើនជាង៥០០លានដុល្លារ ព្រមទាំងជួយបណ្តុះបណ្តាលនូវធនធានមនុស្សជូនកម្ពុជាជាច្រើន ដើម្បីកិច្ចការពារបេតិកភណ្ឌជាតិយើង»។

សូមបញ្ជាក់ថា ក្រោយពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតថ្កោលទោសយ៉ាងធ្ងន់ធ្ងរបែបនេះ រួច មក លោក គីម ហ៊ាង បានចេញលិខិតសូមទោសជាសាធារណៈ ថា សូមទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេស ចំពោះកំហុស ដែលខ្ញុំបាទបានបង្កើតឡើងដោយអចេតនាកាលពីថ្ងៃទី១២ កុម្ភៈ នៅទីរួមខេត្តសៀមរាប៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ