កណ្ដាល ៖ នាព្រឹកថ្ងៃព្រហស្សតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញប្រារព្ធ ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៤ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។

នាឱកាសនោះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានលើកឡើងថា ទន្ទឹមនឹងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច រដ្ឋបាលខេត្ត ក៏បានអនុវត្តដោយយកចិត្តទុកដាក់ ប្រកបដោយភាពម៉ឺងម៉ាត់លើការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមការចង្អុលបង្ហាញរបស់ សម្តេចក្រឡាហោម ស ខេង នោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងឆ្នាំ២០២២ រក្សាបាននូវសន្តិសុខសង្គម សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ បានល្អប្រសើរ ដែលបានធ្វើឱ្យបទល្មើសនានា មានការថយចុះចំនួន ៧៨% ធៀបនឹងឆ្នាំ២០២១, គួបផ្សំប្រតិបត្តិការ បង្ក្រាបទទួលបានខ្ពស់រហូតដល់ ៩៦%។

លោក បន្ដថា ចំពោះការប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងឆ្នាំ២០២២ ឃុំ សង្កាត់ ទទួលបានចំណាត់ថ្នាក់ប្រភេទ លេខ១ មានចំនួន ១១៨ឃុំ/សង្កាត់, ចំណាត់ថ្នាក់ប្រភេទលេខ២ ចំនួន ៩ឃុំ/សង្កាត់ និងចំណាត់ថ្នាក់ប្រភេទលេខ៣ មិនមាន។

លោក បន្ថែមថា ជាមួយគ្នានេះ តាមរយៈការដាក់ចេញនូវយន្តការច្បាស់លាស់ ការបញ្ហាដឹកនាំដ៏ម៉ឺង ម៉ាត់ និងម៉ត់ចត់របស់ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានធ្វើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែកអនុវត្តយ៉ាងសកម្មលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់, ការត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស, ការបង្ក្រាបបទល្មើសល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាហេតុធ្វើឱ្យប្រទេសកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។

ឆ្លៀតឱកាសនោះ លោក ប្រធានអនុគណៈកម្មការ គ.ស.ច.គ ខេត្ត បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ដើមឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ កើតមានចំនួន ៣៣/៥៩លើ ថយចុះ ២៦លើក ស្មើ ៤៤% (កម្រិតស្រាលចំនួន ១៩/២០លើក)។ បណ្ដាលឱ្យស្លាប់ និងរងរបួសសរុបចំនួន ៥៧/១១២នាក់ (ស្រី១២/២៧នាក់)។ គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កឱ្យមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានបន្សលទុកនូវិបត្តិសង្គមជាច្រើនទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ