ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា តាមសេចក្ដីរាយការណ៍សង្ខេបពីក្រុមហ៊ុនសាងសង់នាពេលកន្លងទៅ គម្រោងសាងសង់ទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ គឺសាងសង់បានលឿនជាងតាមផែនការបានគម្រោងទុក ខណៈរហូតដល់ពេលនេះ សម្រេចបាន ៦៥% ហើយ។

ក្នុងកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាព នៃការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ លោក សក់ សេដ្ឋា បានបញ្ជាក់ថា ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី គិតមកដល់ពេលនេះ មានរយៈពេលជាង ១ឆ្នាំហើយ តាមកិច្ចសន្យារវាងក្រសួងមហាផ្ទៃ ជាមួយក្រុមហ៊ុនសាងសង់ គឺប្រើរយៈពេលសាងសង់ជាង ២០ខែ ដោយបញ្ចប់ការងារនៅខែសីហា ឆ្នាំ២០២៣ ខាងមុខ។

លោក បន្ដថា អគារទីស្ដីការក្រសួងថ្មីនេះ គឺសាងសង់បានត្រឹមត្រូវ និងតាមស្ដង់ដារសំណង់ ដោយបានសាងសង់យ៉ាងយកចិត្តទុកដាក់បំផុតផងដែរ។ លោក បានចាត់ទុកថា អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ក៏មានផ្ទៃក្រឡាទំហំធំជាងគេ ក្នុងចំណោមអគាររបស់រដ្ឋ នៅកន្លែងដទៃទៀត។

លោក រដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអនុគណៈកម្មការ និងសមាជិកសាងសង់ ដែលបានចូលរួមក្នុងកិច្ចប្រជុំ និងបានចូលរួមពិភាក្សាពិគ្រោះយោបល់យ៉ាងផុសផុលសម្រាប់ជាធាតុចូល។ ទន្ទឹមនេះ លោក ក៏បានផ្ដាំផ្ញើដល់អនុគណៈកម្មការ និងសមាជិកគណៈកម្មការសាងសង់អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ ឱ្យយកចិត្តទុកដាក់ឱបានខ្ពស់ ដោយត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះការងារសាងសង់ និងត្រូវធ្វើការចុះពិនិត្យដោយផ្ទាល់ ចំពោះកិច្ចការងារដែលនៅសេសសល់ ដើម្បីឱ្យអគារនេះរៀបចំទៅដោយមានសោភណ្ឌភាពស្រស់ស្អាត ជាពិសេសធ្វើយ៉ាងណាឱ្យសំណង មានភាពរឹងមាំផងដែរ។

បន្ថែមពីនេះទៀត លោក រដ្ឋលេខាធិការ ក៏បានណែនាំដល់ក្រុមហ៊ុនសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពនៅពេលដំណើរការសាងសង់។  លោក ក៏បានណែនាំបន្ថែមដល់ក្រុមមហ៊ុនសាងសង់ ត្រូវពន្លឿនកិច្ចការងាររបស់ខ្លួនឱ្យបានលឿន ដើម្បីបញ្ចប់ការសាងសង់ឱ្យបានរួចរាល់តាមការគ្រោងទុក និងត្រូវគោរពតាមបទដ្ឋាននៃសំណង់ឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ ដើម្បីធានាបាននូវភាពរឹងមាំនៃសំណងដែលអាវរក្សានូវគុណភាពបានយូរអង្វែង។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្ដីពីវឌ្ឍនភាពការងារសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ប្រចាំឆ្នាំ២០២២ ថា តាមការសន្និដ្ឋាន និងវាយតម្លៃជាលទ្ធផលសរុបជារួមសម្រេចបានលើស ៦៥% ធៀបនឹងកិច្ចសន្យា ដូចជា៖ គ្រឿងបង្គុំសំណង់៖ ផ្ទៃក្រឡាចាក់បេតុងកម្រាលខណ្ឌរួច ចំនួន១០៥ ៥៤៥ ម៉ែត្រការ៉េ ស្មើនឹង ១០០% នៃផ្ទៃក្រឡាសរុប និងគ្រឿងបង្គុំផ្នែកដំបូលសម្រេចបាន ៦០%, ការងារសំអាតចុងក្រោយ ៖ ក្រុមហ៊ុនអនុវត្តការងាររៀបជញ្ជាំងខាងក្នុង ខាងក្រៅអគារ ក្រាលការ៉ូបាត បៀក និងលាបថ្នាំ សម្រេចលទ្ធផលជារួមស្មើនឹង ៤៥%, ការងាររៀបចំប្រព័ន្ធ និងបណ្ដាញ ៖ ក្រុមហ៊ុន កំពុងអនុវត្តការងាររៀបចំបណ្ដាញទឹក ប្រព័ន្ធអគ្គិសនី ប្រព័ន្ធអគ្គិសនី ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធសុវត្ថិភាព សម្រេចលទ្ធផលជារួមស្មើនឹង ៤៥%, ការងារដេគ័រផ្នែកខាងក្នុង ៖ ក្រុមហ៊ុនបានអនុវត្តការងារដេគ័រសាលប្រជុំនៅផ្ទាល់ដី សម្រេចលទ្ធផលបាន ៥៥%។

សូមរំលឹកដែរថា អគារទីស្ដីការរបស់ក្រសួងមហាផ្ទៃថ្មី ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងភរិយា ហើយគម្រោងបញ្ចប់ការងារសាងសង់ នៅខែសីហា ឆ្នាំ២០២៣ ខាងមុខ ដែលទទួលសិទ្ធិម៉ៅការសាងសង់ដោយក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន និងអ៊ិនវេសមេន។

សូមបញ្ជាក់ថា អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ផ្នែកខាងមុខនៃអគារនេះ បែរទៅទិសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែរមុខចំទន្លេរធំៗទាំងបួន ដែលហៅថាទន្លេចតុមុខ។ អគារទីស្តីការរបស់ក្រសួមហាផ្ទៃនេះមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង។

លើសពីនេះទៀត ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ