មន្ដ្រីក្រសួងសុខាភិបាល បង្ហើបថា រាជរដ្ឋាភិបាលកំពុងរៀបចំផែនការ បើកសកម្មភាពសេដ្ឋកិច្ច និងទទួលទេសចរបរទេសឡើងវិញ
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្ហើបឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សា និងរៀបចំផែនការក្នុងការបើកសកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យ រួមទាំងទទួលអ្នកទេសចរឡើងវិញ បន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ១៩ បានថមថយ។
ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងជាជំនួយរបស់ចិន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា គណៈកម្មការអន្តរក្រសួងបានរៀបចំគោលនយោបាយត្រៀមបើកប្រទេសឡើងវិញ ហើយនៅរសៀលថ្ងៃទី១៤ ខែតុលានេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យមើលថា តើវិស័យអ្វីខ្លះត្រូវពិនិត្យ និងត្រៀមខ្លួនបើកសេដ្ឋកិច្ចឡើងវិញ។
លោកស្រី យក់ សម្បត្តិ បានបង្ហើបដែរថា ក្រៅតែពីការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញហើយនោះ កម្ពុជា ក៏គ្រោងនឹងទទួលអ្នកទេសចរឡើងវិញផងដែរ។ ជាពិសេសអ្នកទេសចរដែលបានចាក់វ៉ាក់សាំង។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ដូច្នេះ «យើងបានធ្វើច្រើនហើយ ក្រសួងទេសចរណ៍ ជាមួយគណៈកម្មការអន្តរក្រសួង ក៏ដូចជាគណៈប្រចាំការកំពុងពិភាក្សា ហើយឯកសារគោលនយោបាយយុទ្ធសាស្ត្រក្រសួងទេសចរណ៍ កំពុងដាក់ឆ្លងគណៈកម្មការ ហើយនិងពិនិត្យមើលថាតើយើងត្រូវសង្កត់ធ្ងន់ទៅលើប្រទេសណាខ្លះមានហានិភ័យទាប ប្រទេសណាខ្លះដែលមានហានិភ័យខ្ពស់ ហើយចូលមកត្រូវការអ្វីខ្លះ? ខ្ញុំគិតថា ឯកសារយើងមានគ្រប់គ្រាន់ដែលអាចបើកក្នុងពេលឆាប់ៗនេះអាចនឹងចុងឆ្នាំនេះ ក្រសួងទេសចរណ៍ដាក់ជូនប្រមុខរាជរដ្ឋាភិបាល សូមក្តីសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន»៕