កំពង់ស្ពឺ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ការបណ្ដុះបណ្ដាលនគរបាលជាតិ ឱ្យស្របតាមស្តង់ដាគុណភាព មានកិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្ត ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា និងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧទាហរណ៍ថា ក្មួយៗខិតខំសិក្សារៀនសូត្រហ្វឹកហាត់នាពេលកន្លងមក ក្មួយៗទទួលបាន ជោគជ័យនាពេលនេះ ហើយបន្ទាប់ពីនេះ ក្មួយៗត្រូវព្យាយាមបន្តសិក្សារៀនសូត្រដកស្រង់ បទពិសោធការងារ និងយកចិត្តទុកដាក់លើភារកិច្ចទទួលខុសត្រូវ នោះក្មួយៗនឹងទទួលបាន ជោគជ័យបន្ថែមទៀតក្នុងជីវិតការងារ នាពេលអនាគត»។ 

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ក្រសួងបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលក្នុងប្រទេស ដូច្នេះយើងបានជំរុញការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិ ភូមិភាគទាំងអស់ ឱ្យស្របតាមស្តង់ដាគុណភាព មានកិត្យានុភាព ឧត្ដមភាព និងការជឿ ទុកចិត្តទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ពីព្រោះធនធានមនុស្សដែលទទួលបានពីការ បណ្តុះបណ្តាលត្រឹមត្រូវ គឺជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ព្រោះគ្រឹះស្ថានបណ្តុះបណ្តាលបានដើរតួនាទីយ៉ាងសំខាន់ជារោងចក កែច្នៃមនុស្ស ឱ្យមានតម្លៃនិងមានប្រយោជន៍ដល់សង្គមជាតិទាំងមូល»។

ទាក់ទងនឹងការបណ្តុះបណ្តាលវគ្គកម្រិតបឋមវិជ្ជាជីវៈនគរបាល សម្ដេចក្រឡាហោម ស ឃេង បានបញ្ជាក់ថា«ក្មួយៗ ទាំងអស់គឺជាឈាមថ្មី ដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ បានជ្រើសរើសយកមកចាក់បញ្ចូល ក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។ ហេតុនេះ ចាំបាច់ណាស់ដែលទាមទារឱ្យឈាមថ្មីនេះ ជាឈាមដែលមានគុណភាពល្អ ដើម្បីបំពេញតួនាទីជាមន្ត្រីនគរបាលបន្តវេន ប្រកបដោយ លក្ខណសម្បត្តិសមស្រប និងមានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ