ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្ដោរប្រវេសន៍ បានពិនិត្យឃើញថា មានជនអន្តោប្រវេសន៍ ចំនួន ៦.៦១៤នាក់ មិនមកបន្តសុពលភាពបណ្ណស្នាក់នៅអចិន្ត្រៃយ៍ នៅប្រទេសកម្ពុជា ហើយអគ្គនាយកដ្ឋាន កំពុងមានវិធានការ ដើម្បីជំរុញឲ្យពួកគេគោរពត្រឹមត្រូវតាមច្បាប់របស់កម្ពុជា។

យោងតាមរបាយការណ៍ ស្ដីពី លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្ដោរប្រវេសន៍ បានឲ្យដឹងថា ជនបរទេសអន្តោប្រវេសន្ត ដែលបានពាក្យសុំប្រកាសទទួលស្គាល់ និងបណ្ណស្នាក់នៅអចិន្ត្រៃយ៍ គិតត្រឹម បិទឱសានវាទ (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩) យុទ្ធនាការជំរឿនស្ថិតិ និងដកហូតឯកសាររដ្ឋបាលមិនប្រក្រតី មានចំនួន ២៨.៩៤៥គ្រួសារ មនុស្សចំនួន ៨៩.៧៨៦នាក់។

អគ្គនាយកដ្ឋាន បានបន្ដថា ដើម្បីគ្រប់គ្រង ក្រសួងមហាផ្ទៃ បានផ្តល់បណ្ណ ស្នាក់នៅអចិន្ត្រៃយ៍ជូនអ្នកដែលមានអាយុ១៨ឆ្នាំឡើង ចំនួន ៦៥.១៦៨នាក់ ជាមួយនោះ បានផ្តល់បណ្ណបន្ត សុពលភាពដែលមានរយៈពេល ២ឆ្នាំម្តង សរុបចំនួន ១៩.៥៦១បណ្ណ ក្នុងនោះ បានបន្តសុពលភាពលើកទី១ ចំនួន ១៥.៩៣៣នាក់, លើកទី២ ចំនួន ៣.៥៦៧នាក់, លើកទី៣ ចំនួន ៥២នាក់ និងលើកទី៤ ចំនួន៩នាក់។

អគ្គនាយកដ្ឋានអន្ដោរប្រវេសន៍ បានបញ្ជាក់ថា «តាមការស្រាវជ្រាវ ទិន្នន័យនៃការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ពិនិត្យឃើញថា មានជនអន្តោប្រវេសន៍ចំនួន ៦.៦១៤នាក់ ដែលមិនមកបន្តសុពលភាព អគ្គនាយកដ្ឋានកំពុងមានវិធានការ ដើម្បីជំរុញឱ្យពួកគេគោរពត្រឹម ត្រូវតាមច្បាប់»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ