ភ្នំពេញ ៖ កម្ពុជា -អាមេរិក  បានបន្ដកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតបន្ថែមទៀត ទៅលើកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការគាំពារកុមារ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក  W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានស្នើសុំក្រសួងមហាផ្ទៃ បន្ដកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតថែមទៀតទៅលើកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការគាំពារកុមារ។ 

លោកបន្ដថា ជាពិសេសរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការគាំពារកុមារនេះកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ទៅលើការងារកិច្ចសហប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត ព្រមទាំងការងារពាក់ព័ន្ធមួយចំនួនទៀត ដូចជាការងារចុះធ្វើអធិការកិច្ច ការត្រួតពិនិត្យគោលដៅនានា ដើម្បីជួយដល់ជនរងគ្រោះនៅក្នុងអំពើជួញដូរនេះ។

ជាការឆ្លើយតបចំពោះបញ្ហានេះ សម្ដេចក្រឡាហោម បានសម្ដែងការគាំទ្រ និងរីករាយបន្ដកិច្ចសហប្រតិបត្តិការជាមួយគ្នាជិតស្និតបន្ថែមទៀត លើកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការគាំពារកុមារដូចបានធ្វើនាពេលកន្លងមក។ 

ក្នុងនោះសម្ដេចក្រឡាហោម បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះផងដែរ ហើយកម្ពុជាមានយន្តការមួយគឺគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាយន្ដការជាតិ ដើម្បីធ្វើកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ។

សម្ដេចក្រឡាហោម ក៏បានគាំទ្រចំពោះការងាររវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងការធ្វើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការគាំពារកុមារ។ មិនត្រឹមតែកិច្ចការងារទាំងពីរនេះទេ សម្ដេចក៏បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការលើការងារសំខាន់ៗមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើភេវរកម្ម និងបទល្មើសឆ្លងដែនផ្សេងៗទៀតផងដែរ៕EB

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ