អគ្គនាយកដ្ឋានពន្ធដារ ពន្យារពេលបង់ពន្ធលើអចលនទ្រព្យសម្រាប់ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ តុលា
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ ប្រភេទនេះនៅឡើយ។
អគ្គនាយកដ្ឋានពន្ធដារ បានបន្ដថា អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធនេះ យ៉ាងយឺតផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទោស ទណ្ឌស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «ដើម្បីផ្ដល់លទ្ធភាពជួនម្ចាស់អចលនទ្រព្យដែលមានឆន្ទៈ ក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធដោយមូលហេតុ នៃការរីករាលដាលជំងឺកូវី៥-១៩ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារ កាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដោយ រួចផុតពីពិន័យទោសទណ្ឌដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ»។
អគ្គនាយកដ្ឋានពន្ធដារ បានបន្ថែមថា ក្នុងន័យចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស បង្កភាពងាយស្រួល និងចំណេញពេលវេលា ម្ចាស់អចលនទ្រព្យទាំងអស់អាចប្រកាសនឹងបង់ពន្ធ លើអចលនទ្រព្យតាមរយៈកម្មវិធីតាមទូរស័ព្ទដៃ GDT Taxpayer App ដែលអាចទាញយកកម្មវិធីនេះបានពី Appstore ឬ Playstore។
ជាងនេះទៅទៀត អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា ក្នុងអំឡុងពេលនៃការពន្យារការបង់ពន្ធប្រភេទនេះ ម្ចាស់អចលនទ្រព្យទាំងអស់ នឹងរួសរាន់មកប្រកាសបង់ពន្ធបានទាន់ពេលវេលា និងបានគ្រប់ៗគ្នា៕