CLA ៖ នៅកម្ពុជា ធនធានមនុស្សសម្រាប់បំពេញតម្រូវការ ឱ្យវិស័យភស្តុភារកម្ម មានកង្វះខាតនៅឡើយ
ភ្នំពេញ ៖ លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានឱ្យដឹងថា នៅប្រទេសកម្ពុជា ធនធានមនុស្សសម្រាប់ បំពេញតម្រូវការឱ្យវិស័យភស្តុភារកម្ម មានកង្វះខាតនៅឡើយ ដែលតម្រូវឱ្យសមាគម បន្ដខិតខំបណ្តុះបណ្តាលធនធានម នុស្សលើវិស័យនេះ បន្ថែមទៀត។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសមាគមភស្តុភារកម្មកម្ពុជា (CLA) នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក ស៊ិន ចន្ធី បានថ្លែងថា ដោយសារកំណើ នសេដ្ឋកិច្ច និងធុរកិច្ចលើវិស័យបញ្ជូនទំនិញនៅកម្ពុជា មានការកើនឡើងជាលំដាប់នាសម័យកាលសកលភាវូបនីយកម្ម ធ្វើឱ្យតម្រូវការផ្នែកធនធានមនុស្សលើវិស័យនេះ ក៏មានតម្រូវការខ្ពស់ផងដែរ។
លោក បានបញ្ជាក់ថា «យ៉ាងណាមិញ នៅក្នុងប្រទេសយើងនៅពុំទាន់ផ្គត់ផ្គង់គ្រប់គ្រាន់ នូវធនធានមនុស្សសម្រាប់ បំពេញតម្រូវការឱ្យវិស័យភស្តុភារកម្មនៅឡើយ ដែលតម្រូវឱ្យសមាគមយើងខ្ញុំ នៅតែខិតខំធ្វើការ បណ្តុះបណ្តាលធនធាន មនុស្សលើវិស័យមួយនេះតាំងពីថ្នាក់មូលដ្ឋានរហូតដល់កំរិតមធ្យម និងបានកំពុងឈានមកដល់កំរិតមួយ ដែលបណ្តាអ្នក ធុរកិច្ចភស្តុភារកម្មកំពុងតែត្រូវការជាចាំបាច់សឹងតែរាងរាល់ខែរាល់ឆ្នាំ»។
ជាងនេះទៅទៀត ប្រធាន CLA ក៏បានលើកឡើងថា ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល និងវិស័យឯកជន ការសហការរួមគ្នា និងសីលធម៌នៃការចែករំលែក គឺជាយុទ្ធសាស្រ្តដ៏ល្អមួយដែលគួរធ្វើ ដើម្បីជាតិ ជាពិសេសក្នុងវិស័យធុរកិច្ចឡូជីស្ទីក។ ដូច្នេះហើយ សមាគម តែងតែផ្តល់ការសហការជាមួយដៃគូពាក់ព័ន្ធផ្សេងៗ ដែលប៉ុន្មានឆ្នាំកន្លងមកនេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយបណ្ដាលស្ថាប័នផ្សេងៗជាច្រើន ផងដែរ។
ដោយឡែក លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកោតសសើរដល់កិច្ចខិតខំប្រឹងប្រែង និងការសហការដ៏ល្អ រវាងក្រុមការងារបច្ចេកទេស នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសមាគមភស្តុភារកម្មកម្ពុជា ដែលបានយកចិត្តទុកដាក់សម្របសម្រួល ដំណើរការរៀបចំអនុស្សរណៈ នៃការយោគយល់ និងរៀបចំឱ្យមានពិធីចុះហត្ថលេខានាថ្ងៃនេះ ក្នុងន័យ ដើម្បី បន្តកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកនូវចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងការងារអនុវត្ត ផ្ទាល់នានា ក៏ដូចជាការផ្តល់ឱកាសដល់និស្សិតរបស់វិទ្យាស្ថាន មានលទ្ធភាពចុះកម្មសិក្សានៅតាមបណ្តា ក្រុមហ៊ុនដឹកជញ្ជូន និងភស្តុភារកម្ម ដែលជាសមាជិករបស់សមាគមភស្តុភារកម្មកម្ពុជា ដែលសកម្មភាព ទាំងនេះ សុទ្ធសឹងតែជាការចូលរួមលើកកម្ពស់វិស័យអប់រំ និងជំនាញពាក់ព័ន្ធផ្សេងៗទៀត រវាងអង្គភាពទាំងពីរ។
នាឱកាសនោះ លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានរៀបរាប់ថា វិទ្យាស្ថានតេជោសែន ត្រូវបានបង្កើតឡើង ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ជំនឿជឿជាក់យ៉ាងមុតមាំចំពោះកូនខ្មែរ និងការតាំងចិត្តខ្ពស់បំផុត របស់ លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលកូនខ្មែរ ឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានសីលធម៌ អត្តចរិត ចរិយាសម្បត្តិត្រឹមត្រូវ ដើម្បីដោះស្រាយវិបត្តិកង្វះអ្នកជំនាញបច្ចេកទេស នាពេលបច្ចុប្បន្នផង និងបង្កើតរៀបចំឱ្យមានអ្នកបន្តវេន របស់កម្ពុជាដ៏មានសក្តានុពល និងស្មារតីទទួលខុសត្រូវ លើវិស័យសាធារណការ និងដឹកជញ្ជូន នាពេលអនាគត រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។
ជាងនេះទៅទៀត លោក ក៏បានកោតសរសើរចំពោះ សមាគមភស្ដុភារកម្មកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលនានា ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងភស្ដុភារកម្ម និងបានសហការជាមួយដៃគូក្រៅប្រទេសជាច្រើន ដូចជា ៖ UNESCAP និង GIZ ជាដើម សំដៅលើកម្ពស់ និងជំរុញការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ។ លើសពីនេះទៅទៀត សមាគម បានធ្វើកិច្ចសហប្រតិបត្ដិការច្រើនជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ៕EB