សត្វទន្សោង នៅកម្ពុជានាពេលបច្ចុប្បន្ន ជាង១ពាន់ក្បាល ខណៈលើពិភពលោក ប្រមាណ ៤ពាន់ក្បាលប៉ុណ្ណោះ
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វទន្សោងនៅកម្ពុជាបច្ចុប្បន្ន ជាង១.៥០០ក្បាល បើតាមតាមទិន្នន័យ របស់អង្គការ IUCN វិញ ចំនួនសត្វទន្សោង ត្រូវបានគេប៉ាន់ស្មានថា សល់ប្រមាណ៤០០០ក្បាល នៅលើពិភពលោក។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក នេត្រ ភត្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងថា ទោះបីជាមានការគំរាមកំហែងពីការបរបាញ់ និងអន្ទាក់ ក៏កម្ពុជានៅតែជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោកដដែល។
លោក បានបញ្ជាក់ថា «សត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមាន ប្រមាណជាង ១.៥០០ក្បាល។ ដោយឡែកបើផ្អែកតាមតាមទិន្នន័យរបស់អង្គការ IUCNវិញ ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ស្មានថានៅសល់តែប្រមាណ ៤០០០ក្បាល នៅលើពិភពលោកប៉ុណ្ណោះ»។
លោក បានបន្ដថា តាមការសិក្សា ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។ សត្វទន្សោង ត្រូវបានគេកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ សត្វទន្សោង គេឃើញវារស់នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែងមានដូចជា តំបន់ភូមិភាគឦសាន និរតី និងភាគខាងជើង នៃប្រទេសកម្ពុជា។ វាមានផងដែរ នៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ។
សូមបញ្ជាក់ថា ទន្សោង បន្តពូជនៅខែឧសភា ដល់មិថុនា និងអាចបង្កើតកូន បាន១-២ក្បាល បន្ទាប់ពី ពពោះ រយៈពេល ១០ខែ ហើយមេអាចដោយឈ្មោលម្តងទៀតក្រោយពេលកើតកូនបាន២ខែ។ ទន្សោងជាប្រភេទសត្វមួយដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំងពីការបរបាញ់ខុសច្បាប់ដើម្បីយកសាច់ និងស្នែង។ បច្ចុប្បន្នទន្សោងមានដោយកម្រ និង ប្រទេសមួយចំនួនដែលធ្លាប់តែមានសត្វប្រភេទនេះរស់នៅ ក៏ស្ទើរតែផុតពូជអស់ទៅហើយ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ