ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវជាកូនប្រុស សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំអកចំអនថា លោក សម រង្ស៊ី បន្សល់ទុករឿងអាម៉ាស់ ក្នុងប្រវត្តិសាស្រ្តនយោបាយកម្ពុជា ជាពិសេសស្រមោលខ្មៅអន្ទោលតាមប្រាណ តវង្សត្រកូល។

ការលើកឡើងរបស់ លោក ស សុខា បែបនេះក្រោយពីតុលាការទីក្រុងបារីស ប្រទេសបារាំង សម្រេចថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មិនស្ថិតនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់ សម រង្ស៉ី ឡើយ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក ស សុខា បានថ្លែងថា «ជាថ្មីម្ដងទៀត លោក សម រង្ស៊ី បានបន្តបន្សល់ទុកនូវរឿងអាម៉ាស់ក្នុងប្រវត្តិសាស្រ្តនយោបាយកម្ពុជា ជាពិសេសស្រមោលខ្មៅអន្ទោលតាមប្រាណ តវង្សត្រកូល ។ តុលាការប្រទេសបារាំង ដែលអ្នកនយោបាយនិយមលេងល្បែងបំភាន់សាធារណៈមតិរូបនេះ ជឿជាក់ថាជាតុលាការឯករាជ្យនោះ គឺពិតជាឯករាជ្យមែន»។

លោក បន្ដថា ទោះលោក សម រង្ស៊ី មានសញ្ជាតិជាបារាំង ត្រូវតតាំងក្ដីជាមួយ សម្ដេចតេជោ ហ៊ុន សែន ដែលជាជនជាតិខ្មែរក៏ដោយ ក៏តុលាការបច្ចឹមប្រទេសមួយនេះ មិនលុះដោយអគតិណាមួយនោះដែរ។ ទីបំផុតការប្រឌិតរឿងចោទប្រកាន់សម្ដេចតេជោ ហ៊ុន សែន ថាជាអ្នកបង្គាប់បញ្ជាឱ្យមានការធ្វើឃាត លោក ហុក ឡងឌី ពីសំណាក់លោក សម រង្សី ត្រូវបានតុលាការបារាំង វិនិច្ឆ័យយ៉ាងច្បាស់ថា «ពុំមានមូលដ្ឋាន និងអំណះអំណាង បញ្ជាក់ច្បាស់លាស់នោះឡើយ»។ មែនទែនទៅ ប្រជាជនកម្ពុជា និងសាធារណៈមតិជាតិនិងអន្តរជាតិដ៏ច្រើនលើសលុប បានបុរេវិន្និច្ឆ័យប្រកបដោយបញ្ញារួចទៅហើយថា ល្បែងនយោបាយមួយក្ដារថ្មីទៀតនេះ នឹងបន្តបរាជ័យទៅតាមប្រពៃណីដូចដែលលោក សម រង្សី ធ្លាប់បានធ្វើ និងទទួលកន្លងៗទៅ។ អាចនិយាយបានថា ប្រជាជនខ្មែរទូទាំងនគរ និងសូម្បីតែអ្នកមានជំហរមិនគាំទ្ររាជរដ្ឋាភិបាល ហាក់ស៊ាំបាត់ទៅហើយចំពោះចរិត និងក្រឡាដើររបស់អ្នកនយោបាយខ្មែរសញ្ជាតិបារាំងរូបនេះ។ 

លោក បន្ថែមថា ជាការពិត លោក សម រង្ស៊ី ក៏ជាឥស្សជនធ្លាប់បានរួមចំណែកបម្រើជាតិ បម្រើប្រជាជនតាមបែបផែនប្រជាធិបតេយ្យដែរ ប៉ុន្តែក្នុងរយៈកាលប្រមាណ ២០ឆ្នាំចុងក្រោយនេះ លោកហាក់ដូចជាផុងខ្លួនបន្តិចម្ដងៗទៅក្នុងអន្លង់នៃជ្រលងនយោបាយ«យកការពិតធ្វើជាសត្រូវ»រហូតបង្កើតបានជាគម្រូអាក្រក់ម្ដងហើយម្ដងទៀតក្នុងប្រវត្តិសាស្រ្តនយោបាយកម្ពុជា ដែលជាប្រទេសកំណើតរបស់ខ្លួន។

លោក បញ្ជាក់ទៀតថា ក្នុងបេះដូងប្រជាជនកម្ពុជា ដែលធ្លាប់កម្សត់កម្រ និងដែលកំពុងទទួលផលបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំឧត្តុង្គឧត្តមនៃអង្គព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្របរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត  សម្ដេចតេជោ ហ៊ុន សែន ជារដ្ឋបុរសមួយរូបដែលខិតខំពុះពារជម្នះគ្រប់ឧបសគ្គដើម្បីបុព្វហេតុជាតិ និងប្រជាជន ដើម្បីសន្តិភាព និងការបង្រួបបង្រួមជាតិ។ សម្ដេចតេជា គឺ«ទឹកដ៏ត្រជាក់ល្ហឹមនៃហ្វូងត្រីទាំងឡាយ»។ ក្នុងនាមជាមេដឹកនាំ សម្ដេច បានគិតគូរជាដរាបចំពោះសុខទុក្ខប្រជាជន និងសុខទុក្ខសហការីធ្លាប់តស៊ូរំដោះប្រជាជនពីរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)ស្ដារនិងអភិវឌ្ឍជាតិ។ ព្រោះហេតុដូច្នេះហើយ បានជាអ្នកនយោបាយគ្រប់និន្នការ ជាបន្តបន្ទាប់បានស្ម័គ្រចិត្តមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ