ម្ចាស់ផេក The Quality MindSet បានសុំទោស និងលុបចោលព័ត៌មាន ក្រោយចុះផ្សាយថា បុគ្គលិកក្រុមហ៊ុន EGF ជាប់ពាក់ព័ន្ធផ្ទាល់ជាមួយ បុគ្គលធ្វើការរោងចក្រ MOVE FAST ដែលវិជ្ជមានកូវីដ-១៩
ភ្នំពេញ ៖ ម្ចាស់ផេកឈ្មោះ The Quality MindSet បានធ្វើការសុំទោស និងលុបចោលពត៌មានជាបន្ទាន់ ក្រោយពីចុះផ្សាយថា បុគ្គលិកក្រុមហ៊ុន អ៊ី ជី អេហ្វ ឡូជីស្ទីក ខូ អិលធីឌី (EGF LOGISTIC SO.,LTD) នៅតំបន់សេដ្ឋកិច្ចពិសេសកំបូល (PPSEZ) ពាក់ព័ន្ធដោយផ្ទាល់ជាមួយ បុគ្គលធ្វើការនៅរោងចក្រ MOVE FAST ដែលវិជ្ជមានកូវីដ-១៩។
កាលពីថ្ងៃទី៥ ខែ មេសា ឆ្នាំ ២០២១ ដោយមានផេក The Quality MindSet បានចុះបំភ្លើសពីការពិតថា មានបុគ្គលិកក្រុមហ៊ុន អ៊ី ជី អេហ្វ ឡូជីស្ទីក ខូ អិលធីឌី (EGF LOGISTIC SO.,LTD) នៅតំបន់សេដ្ឋកិច្ចពិសេសកំបូល (PPSEZ) បានពាក់ព័ន្ធដោយផ្ទាល់ជាមួយ បុគ្គលធ្វើការនៅរោងចក្រ MOVE FAST ដែលវិជ្ជមាន Cavid-19 ដូច្នេះ ខាងក្រុមហ៊ុន ក៏បានទំនាក់ទំនងម្ចាស់Page ដើម្បីធ្វើការបកស្រាយ ពីការចុះពត៌មានខាងលើ គាត់បានធ្វើការសុំទោស និងលុបចោលពត៌មាននោះជាបន្ទាន់។ ម្ចាស់ Page ថា គាត់ឃើញក្រសួងសុខាភិបាលចុះយកសំណាកហើយ ក៏ថតផុ សដោយមិនបានសាកសួរព័ត៌មានច្បាស់លាស់ ពីខាងក្រុមហ៊ុន។
តាមសេចក្ដីជូនដំណឹងរបស់ ក្រុមហ៊ុន អ៊ី ជី អេហ្វ ឡូជីស្ទីក ខូ អិលធីឌី បានឲ្យដឹងថា ក្រុមហ៊ុនមានកិត្តិយស សូមជម្រាបដល់ការិយាល័យគយ ក្រុមហ៊ុន រោងចក្រ ដែលជាដៃគូរសហការ ក៏ដូចជាសាធារណៈជន ឲ្យបានជ្រាបថា កាលពីថ្ងៃទី៣១ មីនា ក្រុមហ៊ុន បានទទួលដំណឹងពីការប្រកាសរបស់ក្រសួងសុខាភិបាល បានចុះយកសំណាកហើយ បានរកឃើញអ្នកផ្ទុកមេរោគ Covid-19 ដែលធ្វើការនៅរោងចក្រ MOVE FAST មានទីតាំងនៅ ក្នុងតំបន់សេដ្ឋកិច្ច ពិសេសកំបូល។
ក្រុមហ៊ុន EGF LOGISTICS CO.,LTD ដែលមានការិយាល័យកណ្តាលនៅភ្នំពេញ បានធ្វើការសាកសួរអំពីបុគ្គលិករបស់ក្រុមហ៊ុន ដែលមានទំនាក់ទំនងជាមួយរោងចក្រខាងលើ។ ជាលទ្ធផលនៃការសាកសួរ គឺមានបុគ្គលិក ដែលមានតួនាទីជាអ្នករត់ការឯកសារម្នាក់បាន ចេញ ចូល ទៅយកឯកសារ កាលពីថ្ងៃទី២៥ មីនា ពីរដ្ឋបាលនៅរោងចក្រ (ធ្វើតេស្តទទួលលទ្ធផលអវិជ្ជមាន២ដង) ហើយមិនបានពាក់ព័ន្ធដោយផ្ទាល់ជាមួយបុគ្គលដែល វិជ្ជមានCovid-19 នៅក្នុងរោងចក្រនោះទេ។
ដោយយល់ឃើញថា នេះអាចជាការប៉ះពាល់ដោយប្រយោល គណៈគ្រប់គ្រងនៅតំបន់សេដ្ឋកិច្ចពិសេសកំបូល (PPSEZ) និងក្រុមហ៊ុន EGF LOGISTICS CO.,LTD បានសំរេចឲ្យក្រសួងចុះយកសំណាកបុគ្គលិក១០នាក់ ដែលធ្វើការនៅ PPSEZ នៅថ្ងៃទី៤ ខែ មេសា ឆ្នាំ ២០២១ និងដាក់បុគ្គលិកទាំង១០នាក់ខាងលើធ្វើ ចត្តាឡីស័ក្ក រយះពេល១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ខែ មេសា ឆ្នាំ ២០២១ តទៅ ។ ចំណែកឯការងារទទួលបន្ទុក ត្រូវជំនួសដោយបុគ្គលិកនៅការិយាល័យកណ្តាលផ្សេងៗ ជាអ្នកទទួលខុសត្រូវ ។
ដោយឡែកបុគ្គលិកដែលកំពុងបំពេញការងារនៅការិយាល័យកណ្តាលនៅភ្នំពេញ កំពង់សោម ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បាវិត និង ជើងសារគយ តាមមាត់ច្រកផ្សេងៗ គឺពុំមានពាក់ព័ន្ធជាមួយឡើយ ហើយក្រុមហ៊ុន គឺនៅតែដំណើរការការងារជាធម្មតា។
ជាងនេះទៅទៀត ក្រុមហ៊ុន EGF LOGISTICS CO.,LTD ក៏នៅតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ពាក់ម៉ាស បាញ់អាល់កុល លាងដៃ និងរក្សាគម្លាត ជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺនេះ៕