ថ្ងៃទី១ នៃការឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំ គឺមានអ្នកទេសចរទូទាំងប្រទេសជាង២៣ម៉ឺននាក់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ចេញរបាយការណ៍ឱ្យដឹងថា មនុស្ស២៣ម៉ឹននាក់បានធ្វើដំណើរទៅកាន់រមណីយដ្ឋាននានាទូទាំងប្រទេសក្នុងថ្ងៃទី១នៃថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំប្រពៃណីជាតិ។
តាមរបាយការណ៍រដ្ឋមន្ត្រី ខេត្តកំពតដោយមានអ្នកដើរលេងជាង៣ម៉ឺននាក់ សៀមរាបតាមពីក្រោយ២ម៉ឺន៨ពាន់នាក់ កែបលេខ៣ ជិត២ម៉ឺននាក់ កំពង់សោមធ្លាក់កូដមកនៅលេខ៤បានត្រឹម១ម៉ឺន៨ពាន់នាក់ ភ្នំពេញតិចជាងបាត់ដំបូងដោយទទួលបានត្រឹមតែ១ម៉ឺន៤ពាន់នាក់ តិចជាងគេគឺមណ្ឌលគិរី និងរតនៈគិរី។
លោកបន្តថា រាជធានី និងខេត្តមួយចំនួនមានការរៀបចំអភិវឌ្ឍជាផលិតផលទេសចរណ៍ថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជាសួនទឹកកម្សាន្ត នៅរាជធានីភ្នំពេញ រមណីយដ្ឋានព្រីនមាន័រ នៅគៀនស្វាយ ផ្ទះផ្កានៅបាត់ដំបង បឹងលំកុដនៅរតនគិរី រមនីយដ្ឋានកែឆ្នៃសមុទ្រឈើនៅមណ្ឌលគិរី រមណីយដ្ឋានទេសចរណ៍ថ្មីៗនៅកោះរ៉ុង និងគោលដៅថ្មីផ្សេងទៀត។
ដោយឡែក ការកើនឡើងភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប ក៏បានធ្វើឲ្យមគ្គុទេសទេសចរណ៍មានការងារវិញខ្លះ ទាំងមគ្គុទេសសម្រាប់ភ្ញៀវទេសចរបរទេសផ្ទៃក្នុង និងមគ្គុទេសសម្រាប់ភ្ញៀវក្នុងស្រុក។ តាមការសង្កេតជាក់ស្តែងពលរដ្ឋមានការយល់ដឹងកាន់តែប្រសើរអំពីការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍អំពីជំងឺកូវីដ១៩ ហើយរដ្ឋបាលខេត្ត ដែលមានមន្ទីរទេសចរណ៍ មន្ទីសុខាភិបាលជាសេនាធិការ បានខិតខំណែនាំ និងជម្រុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍យ៉ាងសកម្ម។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាគោលដៅទេសចរណ៍នានា ក៏បានខិតខំអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ជាពិសេសការស្កេនកំដៅ បាញ់អាល់កុល កត់ឈ្មោះភ្ញៀវ និងការជម្រុញឲ្យភ្ញៀវទេសចរពាក់ម៉ាស់ ឬក្រម៉ាឲ្យបានជាប់ជាប្រចាំ ហើយរមណីយដ្ឋានខ្លះដែលជារមណីយដ្ឋានសំខាន់ក្នុងខេត្ត បានដាក់រថយន្ត ពេទ្យប្រចាំការដើម្បីត្រៀមជួយសង្គ្រោះជាយថាហេតុ។ ប៉ុន្តែ ការរក្សាគំលាតសុវត្ថិភាព នៅមិនទាន់អនុវត្តបានពេញលេញនៅឡើយទេ ជាពិសេសការអង្គុយទទួលទានអាហារជុំគ្នាច្រើនជាក្រុមក្រុមគ្រួសារជាដើម៕ SP