ភ្នំពេញ ៖ លោក អ៊ីវ វាសនា អគ្គលេខាធិការសមាគមភស្ដុភាកម្មកម្ពុជា (CLA) បានសង្ឃឹមថា នាពេលខាងមុខ ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យដឹកជញ្ជូនកាន់តែសំបូរបែប និងសុវត្ថិភាពខ្ពស់រាល់ការប្រើប្រាស់បច្ចេកវិទ្យាទាំងឡើយ ។

ក្នុងសិក្ខាសាលាស្តីពី សន្តិសុខតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅភស្តុភារកម្ម (Cyber security & Cybercrime in Logistics) នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ីវ វាសនា បានរៀបរាប់ថា ក្នុងវិស័យដឹកជញ្ជូនរបស់ CLA មានភាពទូលំទូលាយ ដោយពាក់ព័ន្ធស្ទើរគ្រប់វិស័យនៅប្រទេសកម្ពុជា។ ដូច្នេះ តម្រូវឱ្យវិស័យដឹកជញ្ជូនរបស់ CLA ប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ទំនាក់ទំនង ក្នុងប្រតិបត្តិការនានាជាប់ជាប្រចាំ។

លោក បានបញ្ជាក់ថា «ក្នុងវិស័យដឹកជញ្ជូនរបស់យើងសព្វថ្ងៃនេះ គឺបានប្រើប្រាស់ អ៊ីម៉ែល គឺក្រុមហ៊ុនណាក៏ប្រើប្រាស់ អ៊ីម៉ែលដែរ សម្រាប់ទំនាក់ទំនងគ្នា។ ការទំនាក់ទំនងតាម អ៊ីម៉ែល គឺប្រើប្រាស់គ្រប់មធ្យោបាយ សម្បីតែទំនិញពីប្រទេសមួយ ទៅប្រទេសមួយទៀត គឺផ្ញើឯកសារតាមប្រព័ន្ធអ៊ីម៉ែល»។

លោក បានសង្កេតឃើញថា នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ការប្រើប្រាស់តេឡេក្រាម កំពុងពេញនិយមជាងគេបំផុត បន្ទាប់មកទៀតប្រព័ន្ធផ្សេងៗ ហើយប្រព័ន្ធតេឡេក្រាម ក៏មានហានិភ័យនៃបទល្មើសបច្ចេកវិទ្យា ផ្នែកទំនាក់ទំនង។

ជាងនេះទៅទៀត លោក អ៊ីវ វាសនា ក៏បានលើកឡើងថា សិក្ខាសាលានាពេលនេះ ក្នុងគោលបំណងដើម្បីធ្វើយ៉ាងឱ្យតម្លៃវិស័យដឹកជញ្ជូន មានលក្ខណៈសមរម្យ សេវាឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់ ជាពិសេសនោះ គឺប្រើប្រាស់តាមរយៈបច្ចេកវិទ្យា។ ដូច្នេះ ជាគោលដៅ គឺជំរុញការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យដឹកជញ្ជូន ប្រកបដោយសុវត្ថិភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ