ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា កុំមាន ទស្សនៈថា ចូលផ្ទះសម្ដេចញឹកញ៉ាប់ បានឡើងកាន់តំណែងអ្វីឲ្យសោះ ហើយមានមន្ដ្រីខ្លះដេកដល់ ម៉ោង១០ព្រឹកហើយ មិនទាន់ក្រោកពីដេក ដើម្បីធ្វើការផង។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា មានមន្ដ្រីខ្លះគាត់ពឹងទៅ លើសំណើ ឬមួយរត់ការ ដើម្បីទទួលបានតំណែង នេះជាការគិតគូមួយខុស កាលណារត់ការ ព្រៀបដូចមិនទុកចិត្តខ្លួនឯង និងមិនទុកចិត្តការវាយតម្លៃរបស់ថ្នាក់ដឹកនាំ។ដូច្នេះពឹងទៅលើរត់ការ សម្ដេចគិតថា ធ្វើចឹងមិនល្អទេ កុំនាំគ្នាធ្វើចឹង ត្រូវនាំគ្នាធ្វើការទើបត្រឹមត្រូវ។
សម្ដេចក្រឡាហោមបន្ដថា «យើងខ្ញុំជាអ្នកដឹកនាំគ្រប់គ្រងនេះ ក៏យើងខ្ញុំមិនពឹងផ្អែកទៅលើអ្នករត់ការ ឬអ្នកណាចូលផ្ទះខ្ញុំញឹកញ៉ាប់ អ្នកណាអាសារឲ្យអង្ករ ឬត្រីងៀត អាហ្នឹងល្អ តែគ្នាខំធ្វើការចង់ងាប់ គ្នាអត់បានធ្វើអីអត់ឲ្យយើងថា គ្នាអាក្រក់ អាហ្នឹងទស្សនៈចឹងមិនត្រូវត្រឹមទេ។មន្ដ្រីខ្លះដេកដល់ម៉ោង១០ មិនទាន់ក្រោកពីដេកផង ឲ្យរៀបចំតែងតាំងវាមិនកើត រឿងនេះជារឿងជាតិ»៕EB