ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានរំលឹកថា នាពេលកន្លងមកកម្ពុជា ត្រូវបានអាមេរិកវាយតម្លៃដាក់ឲ្យស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីឃ្លាំមើលចំនួន២ឆ្នាំជាប់គ្នា ហើយនឹងត្រូវធ្លាក់ទៅលេខ៣ដោយស្វ័យប្រវត្តិ បើសិនភាគីពាក់ព័ន្ធមិនមានការប្រឹងប្រែង ឆ្លើយតប ទៅនឹងចំណុចខ្វះខាត។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ ឆ្នាំ២០២០ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួង សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «លើសពីនេះ ទៅទៀត យើងនឹងពិនិត្យពិភាក្សា លើចំណុចខ្វះខាត ដែលត្រូវកែលម្អ និងពង្រឹងបន្ថែម ដើម្បីស្តារមុខមាត់ប្រទេសជាតិ ដែលកន្លងមកនេះ ត្រូវបានសហរដ្ឋអាមេរិក វាយតម្លៃដោយដាក់ឲ្យស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីឃ្លាំមើល ពីរឆ្នាំជាប់គ្នា ហើយនឹងត្រូវ ធ្លាក់ទៅលេខ ៣ ដោយស្វ័យប្រវត្តិ បើសិនជាមិនមានការប្រឹងប្រែង ឆ្លើយតបទៅនឹងចំណុចខ្វះខាតទាំងនោះ»។ 

សម្ដេចក្រឡាហោម បន្ដថា «យើងមិនផ្តេកផ្តួលទៅលើការវាយតម្លៃរបស់អាមេរិកទាំងស្រុងទេ តែក៏ត្រូវទទួលស្គាល់ថា វាមានចំណុចជាច្រើន ដែលចង្អុលបង្ហាញអំពីភាពខ្វះចន្លោះរបស់យើង គួរឲ្យពិចារណា និងធ្វើការកែលម្អដែរ ដើម្បីជាប្រយោជន៍សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនយើង»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ