ភ្នំពេញ ៖ ក្រុមអ្នកអភិរក្សសត្វព្រៃ បានលែងសត្វពង្រូលឈ្មោលមួយក្បាល ចូលទៅ ក្នុងទីជម្រកធម្មជាតិ របស់វាវិញ នាពេលថ្មីៗយោងតាមគេហទំព័រហ្វេសប៊ុករបស់ WCS បានឲ្យដឹងថា សត្វពង្រូលនេះ បានដាច់ប្រអប់ ជើងមុខខាងស្តាំច្រើនខែកន្លងមកហើយ ដែលទំនងជាដោយសារខំប្រឹងរើបង្រះ ពីអន្ទាក់ ព្រាន។ ពង្រូលនេះត្រូវបានក្រុមមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមាប្រទះឃើញនៅក្រោមស្ពានក្នុងតំបន់មួយដែលមានការកាប់រានព្រៃខុសច្បាប់ នៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខណៈដែលក្រុមមន្ត្រីឧទ្យានុរក្សកំពុងវិលត្រឡប់ ពីការដើរល្បាតព្រៃវិញ។

ក្រុមមន្ត្រីឧទ្យានុរក្ស បានយកសត្វពង្រូលនោះទៅរក្សាទុក នៅស្នាក់ការរបស់ខ្លួនចំនួនមួយ យប់ដើម្បីសុវត្ថិភាព ហើយនាំយកទៅស្នាក់ការដែនជម្រកសត្វ ព្រៃកែវសីមានៅ ព្រឹកបន្ទាប់ដើម្បីពិនិត្យសុខភាពមុននឹងលែងចូលក្នុងទីជម្រកធម្មជាតិវិញ នៅវេលាប្រហែលម៉ោង ៨យប់។ 

ទោះបីជាសត្វពង្រូលនេះបានដាច់ប្រអប់ជើងម្ខាង ហើយបានជាសះស្បើយដោយខ្លួនឯងក្តី ក៏វានៅតែមានសុខភាពល្អនិងអាចរស់នៅក្នុងទីជម្រកធម្មជាតិដោយខ្លួនឯងបាន។ ពិធីលែងនោះបានធ្វើឡើងក្រោមវត្តមានរបស់លោក ព្រហ្ម វិបុល រតនៈ នាយកដែនជម្រកសត្វព្រៃកែវសីមា និងមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី អង្គការ WCS និង អង្គការ WWF៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ