សេចក្តីបកស្រាយ បំភ្លឺករណីផ្ទុះអាវុធ នៅចំណុចខាងក្រោយវត្តឧណ្ណាឡោម
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សូមធ្វើការបកស្រាយ និងជម្រាបប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ ជាពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសបុកទាំងអស់ឲ្យបានជ្រាបថា ករណីផ្ទុះអាវុធនៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចខាងក្រោយវត្តឧណ្ណាឡោម គឺជាករណីដេញបង្ក្រាបជនសង្ស័យលើករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៣ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជនសង្ស័យ០២នាក់ ៖ ១-ឈ្មោះ សុវណ្ណ វិខៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រៃសង្គម ឃុំច្រស ស្រុកមេសាង ខេត្តព្រៃវែង ។ ២-ឈ្មោះ ប៊េត សំបូរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រៃសង្គម ឃុំច្រស ស្រុកមេសាង ខេត្តព្រៃវែង (ដកហូត ម៉ូតូ០១គ្រឿង ម៉ាកលែត ពណ៌ក្រហម ពាក់ស្លាកលេខព្រៃវែង 1G-៦១០៧ ។
មុនពេលកើតហេតុ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការល្បាតដល់ចំណុចកើតហេតុ បានឃើញជនសង្ស័យ ០២នាក់ ជិះម៉ូតូ០១ គ្រឿងឌុបគ្នា ដោយមានការ សង្ស័យ កម្លាំងល្បាតបានហៅជនសង្ស័យឲ្យឈប់ តែជនសង្ស័យមិនព្រមឈប់ និងបានធាក់ម៉ូតូសមត្ថកិច្ចដួលនៅតាមបណ្តោយផ្លូវ៥៩៨ រួចជនសង្ស័យ ក៏បានព្យាយាមជិះម៉ូតូគេចខ្លួនពីសមត្ថកិច្ច រហូតដល់ម្តុំខាងក្រោយវត្តឧណ្ណាឡោម សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ កម្លាំងល្បាតយើងបានដេញតាមទាន់ជនសង្ស័យ ហើយជនសង្ស័យបានធ្វើការប្រតាយប្រតប់ជាមួយសម្ថតកិច្ច ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួននាំជនសង្ស័យទាំង០២នាក់យកមកធ្វើការសាកសួរនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខតែម្តង ។
ជនសង្ស័យទាំង ២បានសារភាពថាពួកគេទាំង ២ពិតជាបានចូលទៅទិញគ្រឿងនៅទីតាំងខាងលើមែន ពេលចេញមកវិញក៏ឃេីញសមត្ថកិច្ច ដោយមានភាពភ័យខ្លាចក៏បានជិះរត់គេចពីសមត្ថកិច្ច ហើយក្រោយពិនិត្យទឹកនោម ក៏បានបញ្ជាក់ថាពួកគេទាំង២គឺ មានវិជ្ជមានសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕SS