គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដាក់ចេញនូវផែនការគន្លឹះមួយចំនួន ទាក់ទាញភ្ញៀវ ក្រោយចប់កូវីដ ១៩
ស្របពេលដែលវិបត្តិនៃជំងឺកូវីដ១៩ កំពុងបន្តជះឥទ្ធិពលយ៉ាងអាក្រក់ដល់ដំណើរការអាជីវកម្មនានាដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដូចជា វិស័យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាដឹកជញ្ជូនជាដើម គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបបានដាក់ចេញនូវផែនការគន្លឹះមួយចំនួ ន ទាក់ទាញភ្ញៀវទេសចរជាតិមកទស្សនានៅខេត្តសៀមរាប ដើម្បីជួយជ្រោមជ្រែងដល់អ្នកពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
យន្តការគន្លឹះដែលគណៈកម្មការគ្រោងដាក់ចេញ ដើម្បីទាក់ទាញទេសចជាតិមានដូចជា ជំរុញឲ្យបណ្តាស្រុក ជាពិសេស ស្រុកដែលមានសក្តានុពលទេសចរណ៍ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវគោលដៅទេសចរណ៍របស់ខ្លួនតាមរយៈមធ្យោបាយងាយៗដូចជាបណ្តាញហ្វេសបុកជាដើម ការជំរុញឲ្យមានកម្មវិធីទេសចរណ៍ខ្នាតតូចដូចជា បោះតង់ ជិះកង់កម្សាន្ត ការរៀបចំសម្អាតបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងស្តង់ដារចំណីអាហារដែលធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ជាដើម។
នាកិច្ចប្រជុំស្វែងរកយន្តការទាក់ទាញភ្ញៀវទេសចរជាតិ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងជាតំណាងឯ កឧត្តមអ ភិបាលខេត្តសៀ មរាប បានថ្លែងថា ស្ថានភាពបច្ចុប្បន្ន យើងមិនអាចរង់ចាំភ្ញៀវទេសចរអន្តរជាតិនោះទេ តែត្រូវរិះរកវិធីសាស្ត្រយ៉ាងណាឲ្យភ្ញៀវជាតិមកទស្សនាតំបន់ទេសចរណ៍ឲ្យបានច្រើន។ ទោះមិនអាចជំនួសភ្ញៀវទេសចរអន្តរជាតិបាន តែភ្ញៀវទេសចរជាតិអាចជួយជំរុញឲ្យសេវាកម្មទេសចរណ៍នានាឲ្យដំណើរការបានមួយចំនួនផងដែរ។
ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងជាអនុប្រធានគណៈកម្មការបានគាំទ្រនូវយន្តការដែលអង្គប្រជុំបានលើកឡើង ដើម្បីជំរុញឲ្យចលនាទេសចរណ៍ក្នុងចំណោមភ្ញៀវជាតិ។ ទោះជាយ៉ាងណាឯកឧត្តមបានក្រើនរំឭកដល់អង្គប្រជុំអំពីការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ គឺត្រូវគិតគូរដល់ការបង្ការពីការរីករាលនៃជំងឺកូវីដ១៩ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយសារតែជំងឺនេះមិនទាន់ស្ងប់ស្ងាត់ទាំងស្រុងនោះទេ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឲ្យបង្កើតក្រុមការងារតូចមួយក្នុងចំណោមគណៈកម្មការនេះ ដើម្បីសិក្សាស្រាវជ្រាវបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ ដែលគេបានរៀបចំឡើងក្នុងវិបត្តិកូវីដនេះដែរ។ ជាពិសស ឆ្លៀតឱកាសប្រែក្លាយបញ្ហានេះទៅជាឱកាសដើម្បីរៀបចំគោលដៅទេសចរណ៍របស់យើងដូចជា បញ្ហាបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលបុគ្គលិក មគ្គុទ្ទេសក៍ទេសចរណ៍ជាដើម៕SP
អត្ថបទទាក់ទង
-
ក្រសួងទេសចរណ៍ រៀបចំស្តង់ដាអាជីវកម្មទេសចរណ៍ថ្មីក្នុងសម័យកូវីដ