ញុំាភេសជ្ជៈកូកាកូឡារាល់ថ្ងៃ តើមានដឹងពីប្រវត្តិរបស់កូកាកូឡាដែរឫទេ?
ភេសជ្ជៈកូកាកូឡាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៨៨៦ ពោលគឺជាង ១១៣ឆ្នាំមុន ពេលបច្ចុប្បន្នដោយលោកវេជ្ជបណ្ឌិតJohn S. Pemberton មានទីលំនៅក្នុងរដ្ឋអាត្លង់តាសហរដ្ឋអាមេរិក ។ នេះ បើតាមការចុះផ្សាយ របស់គេហទំព័រ worldofcoca-cola.com ។
តាមពិតទៅ គោលបំណងរបស់លោកគឺចង់ផលិតទឹកភេសជ្ជៈផ្អែមឆ្ងាញ់ ម្យ៉ាងសម្រាប់លក់នៅតាមSoda Fountains ។ កាលពីសម័យនោះ Soda Fountains គឺជាកន្លែងដែលមនុស្សនានាអាចជួបជុំគ្នាដើម្បីជជែក កម្សាន្តនិងហូបភេសជ្ជៈស្រដៀងគ្នានឹងហាងកាហ្វេសព្វថ្ងៃដែរ ។
លោក Frank M. Robinson ដែលជាអ្នកលក់សៀវភៅនិងជាមិត្តម្នាក់របស់លោក Pemberton បានដាក់ឈ្មោះ និង រចនាម៉ូតកូកាកូឡាដែលគេបានឃើញមកដល់សព្វថ្ងៃ ។ កាលពីជាងមួយរយឆ្នាំមុននោះ កូកាកូឡាត្រូវបាន គេកត់ត្រាថាមានអ្នកផឹកប្រមាណតែប្រាំបួនកែវប៉ុណ្ណោះក្នុងមួយថ្ងៃនៅ ក្រុងអាត្លង់តា ។
តែសព្វថ្ងៃជុំវិញពិភពលោកកូកាកូឡា មានអ្នកបរិភោគប្រមាណជាង១.៩ ពាន់លានដងក្នុងមួយថ្ងៃ។ ក្រោយមកលោក Pemberton បានលក់ភាគហ៊ុនរបស់លោកទៅកាន់អ្នកជំនួញជាច្រើនទៀត នៅពេលដែលគាត់ ទទួលមរណភាពក្នុងឆ្នាំ១៨៨៨ ។
ដោយមានតម្រូវការច្រើនលើសលុប ក្រុមហ៊ុនកូកាកូឡាបានបង្កើតរោងចក្រវេចខ្ចប់ដោយខ្លួនឯងក្នុងឆ្នាំ ១៨៩៤ រួចលក់ចេញទីក្រៅទីក្រុងអាត្លង់ តា ។ ក្នុងឆ្នាំ១៩១៦ កូកាកូឡាបានផលិតដបរបស់ខ្លួនដែលមានលក្ខណៈ ប្លែកពីដបភេសជ្ជៈដទៃទៀតងាយស្រួលក្នុងការចំណាំនិងកាន់ ។
ក្នុងឆ្នាំ១៨៨៧ បានទាក់ទាញទីផ្សាររបស់អតិថិជនដោយចែកភេសជ្ជៈមួយ នេះដោយឥតគិតថ្លៃសម្រាប់អ្នកពិសារដំបូង។ វាមិនមែនជារឿងថ្មីសម្រាប់ ពេលបច្ចុប្បន្ន នោះទេតែកាលពីសម័យនោះការទាក់ទាញទីផ្សារបែបនេះ មិនមែនជារឿងសាមញ្ញនោះទេ ។
ក្រោយមកអ្នកដែលបានភ្លក់បាន ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង រសជាតិរបស់វា ។ នៅក្នុងអំឡុងជាង ៥០ ឆ្នាំចុងក្រោយកូកាកូឡាបាន ពង្រីកឈ្មោះរបស់ខ្លួនតាមរយៈបណ្តាញទូរទស្សន៍ជាច្រើនជុំវិញពិភពលោក ។ គ្រឿងផ្សំសំខាន់នៃរសជាតិរបស់កូកាកូឡានៅតែជាអាថ៌កំបាំងសំងាត់ ដែលមនុស្សភាគច្រើនមិនអាចដឹង ៕ SP